អាហ្វហ្គានីស្ថាន៖ ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានឲ្យដឹងនៅថ្ងៃសុក្រនេះថាយ៉ាងហោចណាស់មានក្រុមសកម្មប្រយុទ្ធ៤៦នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការវាយលុកពីសំណាក់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទាហាន ប៉ូលិសនិងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាហ្វហ្គានីស្ថានដែលមានយោធាមួយចំនួនផងដែរនោះបានបើកប្រតិបត្តិការបោសសម្អាតក្រុមភេរវករកាលពី២៤ម៉ោងមុននេះ ដោយបានផ្តាច់ជីវិតពួកសកម្មប្រយុទ្ធបានចំនួន៤៦នាក់និងបាញ់ឲ្យរបួស១៥នាក់ ។
ការឆ្មក់វាយលុកចូលកំទេចក្រុមនេះត្រូវបានប្រព្រឹត្តទៅក្នុងខេត្ត Nangarhar , Kunduz, Kapisa , Khost , Paktia , Takhar និងខេត្ត Helmand ហើយកងកម្លាំងរួមគ្នានេះថែមទាំងបានរកឃើញនិងដកហូតអាវុធបានជាច្រើនទៀតផង ។
ក្នុងចំណោមអ្នកស្លាប់ទាំង៤៦នាក់នោះគឺមាន១៧នាក់ជាសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ពួកនេះឈ្មោះ Mawlawi Nahim ផងដែរ ។
លើសពីនេះទៅទៀតយុទ្ធជន១២នាក់របស់ក្រុមសកម្មប្រយុទ្ធតាលីបង់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងប្រតិបត្តិការពិសេសរបស់អាហ្វហ្គានីស្ថានក្នុងទីក្រុង Khost រដ្ឋធានីខេត្ត Khost កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ នេះបើតាមប្រភពបានថ្លែងប្រាប់សារព័ត៌មានស៊ីនហួរ ។ ថ្មីៗនេះកងទ័ពអាហ្វហ្គានីស្ថានបានបង្កើនប្រតិបត្តិការសន្តិសុខនៅទូទាំងប្រទេស ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា