បារាំង៖ ក្នុងពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីត្រូវបានធ្វើឲ្យហ្មងសៅដោយរឿងអាស្រូវ ទ្រឹស្តីទុច្ចរិតនិងប្រផ្នូលនៃមេដឹកនាំស្តាំនិយម បាននាំឲ្យម្ចាស់សន្លឹកឆ្នោតដែលជាពលរដ្ឋបារាំងបានអំពាវនាវអ្នកខាងក្រៅឲ្យមកចូលរួមឈរឈ្មោះប្រកួតប្រជែងតំណែងនេះ គឺលោក បារ៉ាក់ អូបាម៉ា ។
កាលពីថ្ងៃច័ន្ទគេសង្កេតឃើញមានការដាក់ញត្តិមួយមានខ្លឹមសារអំពាវនាវឲ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ា ឈរឈ្មោះបោះឆ្នោតតំណែងប្រធានាធិបតីបារាំងឆ្នាំ២០១៧ដែលនឹងប្រព្រឹត្តទៅក្នុងខែមេសានិងឧសភាខាងមុខនេះ ។
យោងតាមអ្នកដែលនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងខាងលើ ញត្តិដែលដាក់ថា Called Obama17 នេះមានគោលបំណងប្រមែប្រមូលហត្ថលេខាពីប្រជាជនបារាំង១លាននាក់ចាប់តាំងពីខែមីនាឆ្នាំ២០១៥និងគិតមកត្រឹមព្រឹកថ្ងៃសុក្រម្សិលមិញ គឺទទួលបានការគាំទ្រ៣០.០០០សំឡេងរួចមកហើយ ។
តាមច្បាប់បារាំងតម្រូវឲ្យបេក្ខភាពប្រធានាធិបតីជាជនជាតិបារាំង ខណៈដែលលោកអូបាម៉ា គឺមិនមែនជាជនជាតិបារាំងឡើយ ។ ប៉ុន្តែលទ្ធភាពដែលមិនអាចទៅរួចនៃយុទ្ធនាការនេះក៏អាចជាអ្វីដែលជាការបំផុសគំនិតដល់ប្រជាជនបារាំងឲ្យពិចារណាចំពោះរឿងនេះក៏ថាបាន ។
ដោយឡែកពលរដ្ឋម្នាក់ក្នុងចំណោមអ្នកពេញចិត្តលោកអូបាម៉ាបានថ្លែងថាលោកមានការធុញទ្រាន់នឹងការបោះឆ្នោតឲ្យមេដឹកនាំឃោរឃៅពីររូបនៅគ្រប់ការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតី ហើយមានតែបុរសម្នាក់គត់ដែលធ្វើឲ្យអារម្មណ៍ខ្ញុំប្រសើរឡើងនោះគឺលោកអូបាម៉ា ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា