Friday, May 9, 2025
Homeព័ត៌មានជាតិពលរដ្ឋខ្មែរ សម្រុកមកពីថៃ ចូលឆ្នាំថ្មី ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរជួយសម្រួល

ពលរដ្ឋខ្មែរ សម្រុកមកពីថៃ ចូលឆ្នាំថ្មី ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរជួយសម្រួល

ភ្នំពេញ ៖ ស្របពេលប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកធ្វើដំណើរត្រឡប់ចូលមកកម្ពុជាវិញ ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយថៃ ត្រូវជួយសម្រួលការត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ ឱ្យមានភាព ងាយស្រួលតាមច្រកទ្វារព្រំដែន សំដៅបញ្ចៀសការកកស្ទះនៅទីស្នាក់ការត្រួតពិនិត្យ។

ការណែនាំរបស់ក្រសួងមហាផ្ទៃ ក្រោយកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរ ជាច្រើនដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេស ថៃ តែងតែធ្វើដំណើរឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ ដើម្បីទៅកាន់ស្រុកកំណើតរបស់ខ្លួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង អាចត្រឡប់ទៅថៃ វិញ នៅក្រោយពិធីបុណ្យចូលឆ្នាំ។ ស្ថានភាពនេះអាចនឹងបង្កឱ្យមានការកកស្ទះនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ឬមានការរង់ចាំយូរ ក្នុងការបំពេញបែបបទនិងនីតិវិធីសម្រាប់ការឆ្លងដែន។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការនេះ ឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់ វិធានការឱ្យបានសមស្រប ដើម្បីធានាថែរក្សាការពារសន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយតាមច្រកទ្វារព្រំដែននីមួយៗ ធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមនានា កុំឱ្យមានការកកស្ទះនៅទីស្នាក់ការត្រួតពិនិត្យ ដោយអាចបង្កើនចំនួនមន្ត្រីប្រថាប់ត្រា ផ្តល់ទិដ្ឋាការចេញចូលឆ្លងដែន ឬពិភាក្សាជាមួយភាគីថៃ ដើម្បីបន្ថែមម៉ោងចេញចូលឆ្លងដែន ទៅតាមស្ថានភាពជាក់ស្តែង។

ចំពោះបញ្ហា ឬបាតុភាពដែលអាចកើតមានឡើង លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អាជ្ញាធរឱ្យត្រៀមកម្លាំងមានសមត្ថកិច្ច ជួយអន្តរាគមន៍ ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយតាមករណីជាបន្ទាន់ ជាពិសេសគឺត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីពលរដ្ឋ រួមទាំងសហការនិងសម្របសម្រួលជាមួយភាគីថៃ សម្រាប់ការលើកលែងថ្លៃទិដ្ឋាការចេញចូលផងដែរ។ 

ការណែនាំ តាមរយៈលិខិតផ្ញើជូនអភិបាលខេត្តជាប់ព្រំដែនជាមួយថៃ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យរក្សាតម្លៃសេវាដឹកជញ្ជូនអ្នក ដំណើរ នៅដដែល ដោយពុំឱ្យមានការដំឡើងថ្លៃ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ដោយឡែក តាមប្រភពអង្គការសង់ត្រាល់ បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ថា បងប្អូនពលករខ្មែរ ធ្វើការនៅប្រទេសថៃ បានចុះទៅលេងស្រុកខ្មែរ យ៉ាងច្រើន នៅច្រកបានឡែម (ច្រកដូង) ស្រុកកំរៀង ខេត្តបាត់ដំបង។

ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ពលករខ្មែរ និងកូនក្នុងបន្ទុក អាយុក្រោម១៨ឆ្នាំ មិនតម្រូវឱ្យបង់ថ្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ ឡើយ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ឱ្យដឹងថា រដ្ឋាភិបាលថៃ លើកលែងតម្លៃសេវានេះ គឺផ្ដល់តែម្ដងគត់ ដល់ពលករខ្មែរ ដែលកាន់លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជា ទៅធ្វើការនៅបរទេស (TD) និងទិដ្ឋាការការងារដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ 

ប្រភពដដែល បន្តថា បើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ប្រទេសថៃ សម្រាប់បងប្អូនពលករខ្មែរ ដែលមានបំណងចង់ទៅលេងបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅថ្ងៃខាងមុខ ដោយរដ្ឋាភិបាល បានប្រកាសជូនដំណឹងដល់អ្នកដែលកាន់លិខិតឆ្លងដែន (Passport) ដែលមានវីសារ (Non-L-A) ប្រភេទវីសារ។ ការដែលក្រសួងការងារ បានប្រកាសអនុញ្ញាតឲ្យពលករបានវិលត្រលប់ទៅលេងប្រទេសកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងនេះ គឺអនុលោមឲ្យពលករឆ្លងដែន មិនយកតម្លៃលើការប្រថាប់ត្រា Re-entry  គឺកំណត់ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។

ប្រភពខាងលើ បន្តទៀតថា ពលករខ្មែរ ត្រូវតែវិលត្រឡប់មកធ្វើការងារវិញ ឲ្យបានមុនថ្ងៃកំណត់ បើមិនដូច្នេះទេ វីសារការងារ (NON-L-A) លើប៉ាស្ព័ររបស់ខ្លួន នឹងខូច៕

RELATED ARTICLES