Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ថាបនិកក្រុមហ៊ុន ឆបោ.../ក១៦លានដុល្លារ ពលរដ្ឋព័ទ្ធចាប់ ប្រគល់ឲ្យសមត្ថកិច្ច

ស្ថាបនិកក្រុមហ៊ុន ឆបោ…/ក១៦លានដុល្លារ ពលរដ្ឋព័ទ្ធចាប់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឌី បេស ហ្គ្រីន ឡងឡាយហ៍ (ខេមបូឌា) ឯ.ក ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រមាណ៤០នាក់ ធ្វើការឡោមព័ទ្ធស្នាក់ការក្រុមហ៊ុន និងឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ដោយចោទប្រកាន់ថា ឆបោកលុយពួកគាត់ អស់ប្រមាណជិត ១៦លានដុល្លារ ក្រោមរូបភាពដាក់ទុនវិនិយោគអច លនទ្រព្យ (ទិញដីបានចំណេញ ដាក់លុយបានការប្រាក់)។

ការព័ទ្ធចាប់ស្ថាបនិកក្រុមហ៊ុនឆបោកនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្មាំ២០២៥ នៅត្រង់ចំណុចទីស្នាក់ការក្រុមហ៊ុន ស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ថា បុគ្គលដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទូច សុភាព ជាស្ថាបនិកក្រុមហ៊ុន ឌី បេស ហ្គ្រីន ឡងឡាយហ៍ (ខេមបូឌា) ឯ.ក មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រៅពីបុគ្គលខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវ ជ្រាវចាប់ខ្លួនបក្ខពួកដែលសង្ស័យមានការពាក់ព័ន្ធផ្សេងទៀតផងដែរ។

តាមប្រភពប្រជាពលរដ្ឋរងគ្រោះ បានអះអាងថា ជនរងគ្រោះសរុបក្នុងអំពើឆបោកខាងលើនេះ មានប្រមាណ ២ពាន់នាក់ ហើយគិតជាទឹកប្រាក់សរុប ប្រមាណជិត ១៦លានដុល្លារ។ ចំណែករូបភាពនៃអំពើឆបោក គឺដាក់ ទុនវិនិយោគអចលនទ្រព្យ (ទិញដីបានចំណេញ ដាក់លុយបានការប្រាក់)។

បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

សូមរំលឹកថា ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដែលរងគ្រោះដោយសារការវិនិយោគអចលនទ្រព្យ ទិញដីបានចំណេញ និងដាក់លុយបានការប្រាក់ បាននាំគ្នាឡោមព័ទ្ធស្នាក់ការក្រុមហ៊ុន ឌី បេស ហ្គ្រីន ឡងឡាយហ៍ (ខេមបូឌា) ឯ.ក ចាប់បុគ្គលជាស្ថាបនិកក្រុមហ៊ុនឆបោកម្នាក់ ដែលពួកគេគប់គិតគ្នាបោកប្រាស់យកលុយប្រជាពលរដ្ឋរងគ្រោះ ប្រមាណ២ពាន់នាក់ លើទឹកប្រាក់ប្រមាណជិត ១៦លានដុល្លារ រួចបានព្យាយាមគេចខ្លួន។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០២២ ក្រុមហ៊ុន ឌី បេស ហ្គ្រីន ឡងឡាយហ៍ (ខេមបូឌា) ឯ.ក មានស្នាក់ការមុនដំបូងនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលោកដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន លោកទូច សុភាព ជាស្ថាបនិកក្រុមហ៊ុន និងលោកម៉ៅ ជីតា ជាប្រធានទីផ្សារ បានអូសទាញឆបោក ដោយឱ្យពួកគាត់ទិញដី និងដាក់លុយដើម្បីវិនិយោគអចលនទ្រព្យ ដោយបានការប្រាក់ ៥ភាគរយ។ ដោយសារតែជឿទុកចិត្ត ទើបពលរដ្ឋបាននាំគ្នាប្រមូលលុយ ខ្លះខ្ចីលុយធនាគារ យកលុយ ខ្លះ ៥ពាន់ដុល្លារ ខ្លះ១ម៉ឺន ២ម៉ឺនដុល្លារ រហូតទៅដល់ខ្លះជាង ១០ម៉ឺនដុល្លារ ក៏មាន មកវិនិយោគជាមួយក្រុមហ៊ុន ដើម្បីយកការប្រាក់ ដោយក្នុងការវិនិយោគនោះ មានកិច្ចសន្យាត្រឹមត្រូវ។

ប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងបន្តថា នៅពេលដាក់លុយបានការប្រាក់ ខ្លះបានពីរបីខែ ខ្លះរហូតដល់ ១០ខែ ស្រាប់តែក្រុមហ៊ុន បានរើទីស្នាក់ការ វេចបង្វេចរត់បាត់  ធ្វើឱ្យពលរដ្ឋរងគ្រោះផ្អើលឆោឡោ នាំគ្នាដើរតាម ស្វែងរក ទីបំផុតរកឃើញលួចបើកស្នាក់ការថ្មី ស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំង ខណ្ឌសែនសុខ រួចក៏បាននាំគ្នាមកតាមរក តែបិទស្នាក់ការរហូត ហើយនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ទើបឃើញបើកទ្វារ និងឃើញស្ថាបនិកក្រុមហ៊ុន ឈ្មោះទូច សុភាព ក៏ឃាត់ខ្លួនទុក រួចប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជននេះតែម្តង។

ប្រជាពលរដ្ឋរងគ្រោះ បានបន្ថែមថា ប្រជាពលរដ្ឋដែលរងគ្រោះប្រមាណ ២ពាន់នាក់ ដែលមានទឹកប្រាក់ ចំនួន ១៥ ៨៧០ ០០០ដុល្លារ ដែលបានចាញ់បោកក្រុមហ៊ុន ឌី បេស ហ្គ្រីន ឡងឡាយហ៍ (ខេមបូឌា) ឯ.ក នេះ ហើយកន្លងមក ពួកគាត់បាននាំគ្នាដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដែរ តែពុំត្រូវបានតុលាការចាត់ការនោះឡើយ។ ប្រជាពលរដ្ឋ បានទទូចស្នើសុំដល់តុលាការ មេត្តាឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនខាងលើ យកទៅចាត់ការតាមច្បាប់៕

RELATED ARTICLES