Thursday, April 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងដេញវ៉ៃ.../គ្នា ជាប់ខ្នោះ៨ 

ក្មេងទំនើងដេញវ៉ៃ…/គ្នា ជាប់ខ្នោះ៨ 

ភ្នំពេញ ៖ ក្មេងទំនើង ចំនួន២ក្រុម ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ និងដំបង បានធ្វើសកម្មភាពគប់គ្នា និងដេញវាយគ្នាទៅវិញទៅមក បណ្តាលឱ្យរបួសម្នាក់ (សន្លប់) លុះក្រោយមក កម្លាំងជំនាញអាវុធហត្ថ បានចុះអន្តរាគមន៍ បង្ក្រាប ឃាត់ខ្លួនក្រុមក្មេងទំនើង សរុបចំនួន៨នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជាក់ស្តែងលើក្រុមក្មេងទំនើងទាំង២ក្រុម សរុបចំនួន៦នាក់ (ប្រុស៣នាក់ ស្រី៣នាក់)។ រហូតដល់ម៉ោង ប្រមាណ១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃដដែល កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ទៀត សរុបឃាត់ខ្លួនក្មេងទំនើង បានចំនួន៨នាក់ (ប្រុស៥នាក់ ស្រី៣នាក់) ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ម៉ូតូ ចំនួន២គ្រឿង ដុំថ្ម មួយចំនួន និងវត្ថុតាងមួយចំនួនទៀត។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង៨នាក់ខាងលើ បានសារភាពថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សា វាយតប់គ្នាទៅវិញទៅមកប្រាកដមែន។

ក្មេងទំនើងប្រុសស្រីទាំង៨នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកដែលពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

RELATED ARTICLES