ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចទូកស្មាច់ របស់អ្នកនេសាទត្រី បានសម្រេច រួចបើករត់គេចខ្លួន តែស៊យម៉ាស៊ីនទូកអស់សាំងរលត់ ត្រូវម្ចាស់គេបើកទូកដេញពីក្រោយទាន់ ក្របួចជាប់ទាំង២នាក់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលទ្បើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចមាត់ស្ទឹង ពាមផ្ទោលកើត ក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ។
ជនរងគ្រោះ មានឈ្មោះគ្រី ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនេសាទ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះគ្រឿន ឈុនលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ និងទី២-ឈ្មោះពេញ ម៉េងឃាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ទូកស្មាច់ ពណ៌ខៀវ ចំនួន១គ្រឿង និងម៉ាស៊ីនទូក ចំនួន១គ្រឿង។

យោងតាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ខណៈដែលគាត់កំពុងសម្រាកក្នុងរោង (មាត់ស្ទឹង) ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើនេះ បាននាំដើរមកធ្វើសកម្មភាពចូលលួចយកទូកស្មាច់ របស់គាត់ ១គ្រឿង ដែលបានចតទុកនៅមាត់ស្ទឹងពាមផ្ទោលកើត ហើយជនសង្ស័យបានបើកទូកនោះចេញទៅទិសដៅឃុំប្រាសាទ ស្រុកស្អាង ក៏មានបុរសម្នាក់បានឃើញ បានរត់ទៅប្រាប់គាត់ថា “មានគេលួចបើកទូកចេញទៅបាត់ហើយ” ភ្លាមៗនោះ គាត់បានដើរចុះទៅមើលទូក តែមិនឃើញទូក ទើបបាននាំគ្នាជិះទូក ១គ្រឿង ទៀតដេញតាមពីក្រោយ លុះធ្វើដំណើរទៅដល់ចំណុចប្រឡាយ៤០ ស្ថិតនៅក្នុងព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ប្រទះឃើញជនសង្ស័យ ទាំង២នាក់ កំពុងតែអុំទូករបស់គាត់ ដោយសារម៉ាស៊ីនទូកនោះអស់សាំង រលត់ ទើបពួកគាត់ក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលលើកដែក នាំខ្លួនយកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាពលួចទូកស្មាច់របស់ជនរងគ្រោះ ប្រាកដមែន ពីព្រោះអត់លុយចាយ។
ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕