Thursday, April 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះទាំងយប់ ខូចខាត១៦ខ្នង

ភ្លើងឆេះផ្ទះទាំងយប់ ខូចខាត១៦ខ្នង

ភ្នំពេញ ៖ ផ្ទះរបស់ប្រជាពលរដ្ឋ សរុបចំនួន១៦ខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះបំផ្លាញអស់ ទាំងកណ្តាលរាត្រី ខណៈដែលម្ចាស់ផ្ទះកំពុងដេកលក់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលប្រជាពលរដ្ឋកំពុងតែដេកលក់ ស្រាប់តែភ្លើងបានឆាបឆេះចេញពីផ្ទះឈើប្រក់ស័ង្កសី ១ខ្នង ហើយបានឆេះរាលយ៉ាងយ៉ាងសន្ធោសន្ធៅទៅដល់ផ្ទះធ្វើពីឈើប្រក់ស័ង្កសី ដែលនៅជាប់ៗគ្នា ជាច្រើនខ្នងទៀត។

តាមប្រភពសមត្ថកិច្ចជំនាញការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ កម្លាំងជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន១៦គ្រឿង និងកាណូត ចំនួន៣គ្រឿង ចេញអន្តរាគមន៍បាញ់ពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៣និង៣០ទៀបភ្លឺ ថ្ងៃដដែល។

សមត្ថកិច្ច បានបញ្ជាក់ថា អគ្គិភ័យនេះ បានឆាបឆេះចេញពីផ្ទះឈើប្រក់សង្គសី ទំហំ៤ ម៉ែត្រ គុណ៦ម៉ែត្រ ដែលមានម្ចាស់ឈ្មោះយ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងបង្កឱ្យឆេះរាលដាលបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋជាប់ៗគ្នា សរុបចំនួន១៦ខ្នង រួមទាំងសម្ភារៈជាច្រើនទៀត។ ចំពោះមូលហេតុ នៅពុំទាន់ដឹង បណ្តាលមកពីអ្វីនៅឡើយ ខណៈដែលសមត្ថកិច្ចកំពុងតែស្រាវជ្រាវ។ ទោះបីជាយ៉ាងណា ហេតុការណ៍នេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES