សុីរី៖ យោងតាមទីភ្នាក់ងារព័ត៌មាន SANA បានឲ្យដឹងថាកងទ័ពស៊ីរីបានវាយដណ្តើមយកក្រុងសំខាន់មួយដែលស្ថិតនៅតំបន់ជនបទភាគខាងជើងខេត្តអាលីប៉ូ កាលពីថ្ងៃអាទិត្យ តាមរយៈការប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(អាយស៊ីស) ។
មេបញ្ជាការកងទ័ពស៊ីរីមួយរូបបានបង្ហើបនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការវាយដណ្តើមយកក្រុង Tadef គឺអាចជួយឲ្យកងទ័ពស៊ីរីធានាបាននូវបណ្តាញផ្លូវដឹកជញ្ជូនដ៏សំខាន់មួយក្នុងភាគខាងកើតអាលីប៉ូ និងទុកសម្រាប់ធ្វើជាមូលដ្ឋានសម្រាប់ការបើកការវាយប្រហារនិងកំទេចវត្តមានរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងផ្នែកមួយនៃខេត្តនេះ ។
ក្រុងនេះក៏ស្ថិតនៅមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃក្រុងអាល់បាបផងដែរ ដែលថ្មីៗនេះត្រូវបានវាយដណ្តើមយកពីកងកម្លាំងតួកគីនិងក្រុមយុទ្ធជនឧទ្ទាមដែលជាសម្ព័ន្ធមិត្ត ។
កងទ័ពស៊ីរីបើកប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំមួយនៅតំបន់ជនបទភាគឦសានខេត្តអាលីប៉ូ បន្ទាប់ពីគ្រប់គ្រងលើក្រុងអាលីប៉ូដោយជោគជ័យកាលពីខែធ្នូឆ្នាំ២០១៦ ។ ការប្រយុទ្ធនេះដែរអាចធ្វើឲ្យកងទ័ពគ្រប់គ្រងតំបន់ដែលស្ថិតនៅចម្ងាយ ៦០០គីឡូម៉ែត្រនៃភាគខាងកើតខេត្តអាលីប៉ូ ។
ម្យ៉ាងវិញទៀតកងទ័ពបានធ្វើការឡោមព័ទ្ធផ្នែកខាងត្បូងក្រុងអាល់បាប ដើម្បីធានាបាននូវសន្តិសុខ នៃផ្នែកខាងកើតនៃក្រុងអាលីប៉ូពីការវាយប្រហាររបស់ពួកអាយស៊ីស ឬលទ្ធភាពវាយរុលទៅមុខរបស់ពួកឧទ្ទាមដែលគាំទ្រដោយតួកគី ។
ទោះជាយ៉ាងណារដ្ឋាភិបាលស៊ីរីតែងតែសម្លឹងមើលពីសកម្មភាពប្រែប្រួលរបស់តួកគីក្នុងតំបន់ភាគខាងជើងស៊ីរីដែលជាការទន្ទ្រានរំលោភលើអធិបតេយ្យភាពរបស់ស៊ីរីដោយអះអាងថារដ្ឋាភិបាលក្រុងអង់ការ៉ាកំពុងវាយដណ្តើមយកតំបន់នានានៅភាគខាងជើងស៊ីរីធ្វើជាកំពែងមួយដែលអាចចាប់ផ្តើមបង្កើតនូវតំបន់សុវត្ថិភាពយូរអង្វែងមួយក្នុងភាគខាងជើងស៊ីរីដែលស្ថិតនៅក្បែរព្រំដែនតួកគី។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា