ភ្នំពេញ ៖ ជនសង្ស័យជាចោរលួចយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ដែលមានរហស្សនាម “ធីដៃ១ពាន់” ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាបបាន បន្ទាប់ពីធ្វើសកម្មភាពចូលបន្លំលួចលុយរបស់ស្ត្រីម្នាក់ បានសម្រេច។

ករណីលួចលុយនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២៦នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ ៤៨០ ផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ រហូតមកដល់វេលាម៉ោង ៣និង៤៨នាទីទៀបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចមុខផ្ទះសំណាក់ លក្ខណ៍ប៊ូទិច ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៊ុន ធី ហៅធីដៃ១ពាន់ អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល មិនចាំលេខ ម្តុំផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ៣និង៤៨នាទីទៀបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាន នាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យនឹងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះប៊ុន ធី ហៅធីដៃ១ពាន់ នៅចំណុចមុខផ្ទះសំណាក់ លក្ខណ៍ប៊ូទិច ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រមទាំងដកហូតបានសម្ភារៈវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LM-3496 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

កម្លាំងជំនាញបាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី នឹងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕