Thursday, April 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../កម្ទេចសោ លួចសម្ភារៈសាលា

វ៉ៃ…/កម្ទេចសោ លួចសម្ភារៈសាលា

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ១ក្រុម បានធ្វើសកម្មភាពវាយកម្ទេចកូនសោទ្វារបន្ទប់សាលារៀន ហើយនាំគ្នាចូលលួចយកសម្ភារៈនៅក្នុងបរិវេណសាលាបឋមសិក្សា ១កន្លែង រួចគេចខ្លួនបាត់អស់។ករណីចោរលួចសម្ភារៈក្នុងសាលារៀននេះ បានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចបរិវេណសាលាបឋមសិក្សាដីក្រហម ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ថា សមត្ថកិច្ចបានទទួលព័ត៌មានពីនាយកសាលាដីក្រហម ថាកាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ មានករណីក្រុមចោរ បានធ្វើសកម្មភាពវាយសោ ហើយចូលលួចយកសម្ភារៈអស់ជាច្រើន នៅក្នុងសាលាបឋមសិក្សាដីក្រហម។

ក្រោយទទួលបានព័ត៌មាននេះភ្លាម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ លោកគ្រូនាយកសាលា បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួត ពិនិត្យនិងស្រាវជ្រាវ។

ជាក់ស្តែងយោងតាមផេកផ្លូវការរបស់សាលាបឋមសិក្សាដីក្រហម បានបញ្ជាក់ថា សម្ភារៈដែលបានបាត់បង់ រួមមាន ធុងបាស់ ម៉ាស៊ីនព្រីន ដុំ wifi ធុងលុយដាក់ប្រាក់សន្សំ កំព្យូរទ័រ។ ចំពោះទំហំទឹកប្រាក់នៃសម្ភារៈដែលបានបាត់បង់ នៅពុំទាន់ដឹងច្បាស់នៅឡើយ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញស្រុកត្រពាំងប្រាសាទ កំពុងយក ចិត្តទុកដាក់ស្រាវជ្រាវ ស្វែងរកមុខសញ្ញាជនសង្ស័យ ដើម្បីឃាត់ខ្លួនយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES