Thursday, April 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសអន្តោប្រវេសន៍បំភ្លឺ រឿងផ្អាកស្ត្រីខ្មែររៀបការទៅចិន

ប៉ូលិសអន្តោប្រវេសន៍បំភ្លឺ រឿងផ្អាកស្ត្រីខ្មែររៀបការទៅចិន

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ពាក់ព័ន្ធនឹងការលើកឡើងរបស់សាធារណមតិមួយចំនួនថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាក ដំណើរពលរដ្ឋខ្មែរ មិនឱ្យចេញពីកម្ពុជា ជាពិសេសស្ត្រីខ្មែរ ដែលរៀបការទៅនៅប្រទេសចិន និងអ្នកដែលចង់ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។

សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ មានសាធារណមតិមួយចំនួន បានលើកឡើងថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការផ្អាកដំណើរពលរដ្ឋខ្មែរ មិនឱ្យចាកចេញពីព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្ត្រីខ្មែរ ដែលរៀបអាពាហ៍ពិពាហ៍ ទៅរស់នៅប្រទេសចិន និងអ្នកដែលចង់ទៅស្វែងរកការងារធ្វើនៅក្រៅប្រ ទេស។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចខាងក្រោម ៖

ផ្អែកតាមរបាយការណ៍ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារអន្តរជាតិ បានធ្វើការទប់ស្កាត់អ្នកដំណើរដែលសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្សទៅក្រៅប្រទេស សរុបចំនួន៥២ករណី មនុស្សចំនួន១០៧នាក់ (ស្រី៨២នាក់) ក្នុង នោះ មានពលរដ្ឋខ្មែរ ចំនួន៩៣នាក់។ ដោយឡែកនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការទប់ស្កាត់អ្នកដំណើរដែលសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្សទៅក្រៅប្រទេស សរុបចំនួន៣៦ករណី មនុស្សចំនួន៧៥នាក់ (ស្រី៥៥នាក់) ក្នុងនោះ មានពលរដ្ឋខ្មែរ ចំនួន៦៥នាក់។ ក្រោយពីបានធ្វើការសម្ភាសន៍ សាកសួរព័ត៌មានអំពីគោលបំណងនៃការធ្វើ ដំណើរទៅក្រៅប្រទេស របស់ពលរដ្ឋខ្មែរទាំងនោះរួចមក ពលរដ្ឋខ្មែរ ចំនួន៣នាក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ ក្រៅពីនោះបានធ្វើការបញ្ជូនទៅឱ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងស្នងការដ្ឋាននគរបាលខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តស្រាវជ្រាវ និងអនុវត្តនីតិវិធី ដោយសមត្ថកិច្ចមានការសង្ស័យថា ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សទៅក្រៅប្រទេស។

នៅក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចនៃប្រទេសចិន បានធ្វើការបញ្ជូនពលរដ្ឋខ្មែរ ដែលរងគ្រោះក្នុងអំពើជួញដូរមនុស្ស ពីប្រទេសចិន ឱ្យវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជា វិញ សរុបចំនួន៤២ករណី មនុស្សចំនួន៩៨នាក់ (ស្រី៩៧នាក់) ក្នុងនោះ ជនរងគ្រោះចំនួន៥៩នាក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ ៣៧នាក់ បានប្រគល់ជូននាយកដ្ឋានគាំពារជនរងគ្រោះ និងគាំពារអនីតិជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និង ២នាក់ បានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដើម្បីបន្តគ្រប់គ្រង។

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការគូសបញ្ជាក់ថា ការសម្ភាសន៍សាកសួរព័ត៌មាន និងហាមឃាត់ការធ្វើដំណើរចេញរបស់ពលរដ្ឋខ្មែរមួយចំនួន ជាពិសេសស្ត្រីខ្មែរ ដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស និងអ្នកដែលមានបំណងចង់ទៅធ្វើការងារនៅក្រៅប្រទេសនោះ ពុំមែនជាការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ ក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ឬរារាំងពលរដ្ឋខ្មែរ មិនឱ្យទៅធ្វើការងារនៅក្រៅប្រទេស ដូចការយល់ច្រឡំរបស់សាធារណមតិមួយចំនួនដែលបានលើកឡើងឡើយ ប៉ុន្តែនេះគឺជាការអនុវត្តនូវតួនាទីភារកិច្ចរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ដែលបំពេញការងារនៅតាមច្រកទ្វារ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ក្នុងការចូលរួមទប់ស្កាត់និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ជាពិសេសលើស្ត្រីនិងកុមារ។ ម៉្យាងវិញទៀត គឺក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្មែរគ្រប់រូប កុំឱ្យចាញ់បោកក្រុមមេខ្យល់ដែលអូសទាញឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ឬទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់…។

ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឧបាយកលលួងលោម បោកបញ្ឆោតផ្សេងៗ របស់ក្រុមមេខ្យល់ និងឧក្រិដ្ឋជនជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការតាមដានព័ត៌មាននៃការបំពេញភារកិច្ចរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រង់ចាំទទួលនូវការចូលរួមផ្តល់ព័ត៌មានពិត សំដៅរួមចំណែកកែលម្អចំណុចខ្វះខាត និងភាពអសកម្មនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញការងាររបស់មន្ត្រីនគរបាល អន្តោប្រវេសន៍ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕

RELATED ARTICLES