ភ្នំពេញ ៖ ក្មេងស្រីទំនើង ចំនួន២ក្រុម ម្ខាងរហស្សនាម «Girl ហៃណាំ» និងម្ខាងទៀតរហស្សនាម «Girl ដៃ២» បានកើតមានទំនាស់នឹងគ្នា រហូតឈានដល់ការណាត់ជួបវាយតប់គ្នាយ៉ាងប្រសាច បង្កឱ្យមានការភ្ញាក់ផ្អើលាដល់ប្រជាពលរដ្ឋក្បែរនោះ ថតសកម្មភាពបង្ហោះចែកចាយផ្អើលពេញបណ្តាញសង្គម និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចាត់វិធានការចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្មេងស្រីទំនើង ទាំង២ក្រុម សរុបចំនួន៨នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីក្មេងស្រីទំនើង ផ្ទុះហិង្សាដាក់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ រហូតមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនក្មេងទំនើង ជាបន្ត បន្ទាប់ ចំនួន៨នាក់ នៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្មេងស្រីទំនើងទាំង២ក្រុម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ក្រុមទី១ (ក្រុម Girl ហៃណាំ) មានគ្នា៦នាក់ រួមមាន ១-ឈ្មោះ ហែម ម៉ារីយ៉ា ភេទស្រី។ ២-ឈ្មោះស៊ឹម ស៊ីវម៉ី ភេទស្រី។ ៣-ឈ្មោះសេង ស្រីយ៉ា ភេទស្រី។ ៤-ឈ្មោះតឹង សុធា ភេទស្រី។ ៥-ឈ្មោះខាន់ លីម៉េង ភេទប្រុស និង៦-ឈ្មោះចាន់ នីតា ភេទស្រី។ ចំណែកក្រុមទី២ (ក្រុម Girl ដៃ២) មានគ្នា២នាក់ ១-ឈ្មោះហៃ ស្រីនាថ ភេទស្រី និង២-ឈ្មោះ ហ៊ិន កន្និកា ភេទស្រី។ ចំពោះវត្ថុតាងចាប់យក រួមមានទូរស័ព្ទដៃ ចំនួន៨គ្រឿង និងម៉ូតូចំនួន ២គ្រឿង ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ចំនួន ៦នាក់ (ក្រុម Girl ហៃណាំ) នៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក និងបន្តឃាត់ខ្លួនជនស្ស័យ ចំនួន២នាក់ (ក្រុម Girl ដៃ២) នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដើម្បីយកមកសាកសួរ។
ក្រុមក្មេងទំនើងទាំង៨នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕