ភ្នំពេញ ៖ សិស្សតូចៗនៃសាលាអន្តរជាតិ មួយកន្លែង កំពុងរៀននៅក្នុងថ្នាក់ ស្រាប់តែកើតមានអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់រៀន បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក និងលោកគ្រូ អ្នកគ្រូ ប្រញាប់នាំសិស្សរត់គេចចេញ រួចប្រញាប់ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចសាលាអន្តរជាតិ ហ្វ្រេដហ្វត អាស៊ីប៉ាស៊ីហ្វិក មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលក្មេងកំពុងរៀន គេឃើញភ្លើងបានឆាបឆេះចេញពីពិតានបន្ទប់រៀន ផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក នាំគ្នាយកបំពង់ពន្លត់អគ្គិ ភ័យ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍បាញ់ពន្លត់ ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ចោញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វា ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។

ចំពោះប្រភេទសំណង់រងគ្រោះ គឺជាប្រភេទថ្មប្រក់ស័ង្កសី ទំហំ ៦០ម៉ែត្រ គុណ ៥០ម៉ែត្រ ឆេះខូចខាតបន្ទប់ ទំហំ ១០ម៉ែត្រ គុណនឹង ១០ម៉ែត្រ និងឆេះតុ កៅអី ម៉ាស៊ីនត្រជាក់ ចំនួន១ ទូរទស្សន៍ ចំនួន១ និងសម្ភារៈមួយចំនួន និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថ កិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លង ចរន្តអគ្គិសនី (ទុស្សេម៉ាស៊ីនត្រជាក់) ។ គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕
