Friday, April 25, 2025
Homeព័ត៌មានអន្តរជាតិIMF ព្រ.../មានថា សង្គ្រាមពាណិជ្ជកម្មលោកត្រាំ ប៉ះពាល់សេដ្ឋកិច្ចពិភពលោក និងសហរដ្ឋអាមេរិក

IMF ព្រ…/មានថា សង្គ្រាមពាណិជ្ជកម្មលោកត្រាំ ប៉ះពាល់សេដ្ឋកិច្ចពិភពលោក និងសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយរបាយការណ៍ថ្មីមួយព្រមានថា សេដ្ឋកិច្ចពិភពលោក និងសហរដ្ឋអាមេរិក នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយវិធានការពន្ធគយរបស់លោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក  និងគោលនយោបាយមិនច្បាស់លាស់។

តាមប្រភពទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានកាលពីថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ថាគោលនយោបាយពន្ធខុសប្រក្រតី និងវិធានការសងសឹករបស់លោកដូណាល់ ត្រាំ ពីដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក អាចនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងសហរដ្ឋអាមេរិក ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំង។

IMF បាននិយាយនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ នឹងថយចុះមកត្រឹម 2.8% ពី 3.3% កាលពីឆ្នាំមុន ដែលជាអត្រាទាបជាងមធ្យមភាគប្រវត្តិសាស្ត្រឆ្ងាយណាស់។ ប៉ុន្តែ IMF ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់អាមេរិក នឹងធ្លាក់ចុះបន្ថែមទៀត ដោយសេដ្ឋកិច្ចអាមេរិក ទំនងជានឹងកើនឡើងត្រឹមតែ 1.8% ក្នុងឆ្នាំ២០២៥ ធ្លាក់ចុះពី 2.8% ក្នុងឆ្នាំ២០២៤។

ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និងសហរដ្ឋអាមេរិក ចុងក្រោយរបស់ IMF គឺអាក្រក់ជាងរបាយការណ៍កាលពីខែមករា ព្រោះវាបានកើតឡើងបន្ទាប់ពីប្រធានាធិបតី ត្រាំ បានប្រកាសអំពីវិធានការពន្ធនាំចូលពីជុំវិញពិភពលោក និងប្រមូលពន្ធជាថ្នូរនឹងប្រទេសដែលមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ធ្វើឱ្យពន្ធនាំចូលជាមធ្យមរបស់សហរដ្ឋអាមេរិក ខ្ពស់បំផុត ក្នុងមួយសតវត្ស។

IMF បាននិយាយថា “ការកើនឡើងយ៉ាងឆាប់រហ័សនៃភាពតានតឹងពាណិជ្ជកម្ម និងកម្រិតខ្ពស់នៃភាពមិនច្បាស់លាស់នៃគោលនយោបាយនេះ ត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសកម្មភាពសេដ្ឋកិច្ចពិភពលោក” ។

ប្រធានសេដ្ឋវិទូរបស់ IMF លោក ព្យែរ អូលីវីយេរ ហ្គេរីឆាស (Pierre-Olivier Guerinchas) បាននិយាយថា ជិតពាក់កណ្តាលនៃការបាត់បង់ 1% នៅក្នុងកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងកើតឡើងដោយសារ តែពន្ធគយថ្មី និងភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់ ដូណាល់ ត្រាំ ដែលមានទម្ងន់លើតម្រូវការរបស់សហរដ្ឋអាមេរិក សូម្បីតែមុនពេលវិធានការពន្ធបច្ចុប្បន្ន ត្រូវបានប្រកាស។

IMF ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃពាណិជ្ជកម្ម ជាសូចនាករវិជ្ជមាននៃកំណើនសេដ្ឋកិច្ចដោយនិយាយថា ប្រសិនបើភាពតានតឹងពាណិជ្ជកម្មកើនឡើង គួបផ្សំនឹងភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្ម កំណើនក៏អាចនឹងធ្លាក់ចុះទៀត។ ប៉ុន្តែប្រសិនបើអត្រាពន្ធបច្ចុប្បន្ន ត្រូវបានកាត់បន្ថយ រួមទាំងកិច្ចព្រមព្រៀងថ្មី និងគោលនយោបាយពាណិជ្ជកម្មមានស្ថិរភាព ការលូតលាស់ ឬកំណើនសេដ្ឋកិច្ចក៏អាចខ្ពស់ជាងដែរ៕

RELATED ARTICLES