Saturday, April 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបបទល្មើសព្រៃឈើ ចាប់បានតែឡាន

បង្ក្រាបបទល្មើសព្រៃឈើ ចាប់បានតែឡាន

ខេត្តកំពង់ធំ ៖ រថយន្ត ១គ្រឿង ដែលតែងតែដឹកជញ្ជូនផល អនុផលព្រៃឈើ ពុំមានច្បាប់អនុញ្ញាត ចេញពីចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បង្ក្រាបបាន ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួនបាត់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាពីលោកអភិបាលខេត្តកំពង់ធំ និងសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដោយកម្លាំងចម្រុះខេត្តកំពង់ធំ បានបង្ក្រាបរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-3085 នៅចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ប៉ុន្តែសមត្ថកិច្ចពុំបានឱ្យដឹងពីប្រភេទឈើ និងចំនួនឈើប៉ុន្មានឡើយ គ្រាន់តែបញ្ជាក់ថា ជនល្មើសបានរត់គេចខ្លួនបាត់ នៅពេលដែលសមត្ថកិច្ចចុះទៅពិនិត្យទីតាំងជាក់ស្តែង។

វត្ថុតាង ត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប ចំណាត់ការបន្តតាមនីតិវិធី។

ពាក់ព័ន្ធនឹងរថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបនោះ ប្រជាពលរដ្ឋបានអះអាងថា កម្មសិទ្ធិរបស់ឈ្មោះភ័ក្រ  រស់នៅភូមិអូរគគីរក្រោម ឃុំបឹងល្វា ស្រុកសន្ទុក ដែលឈ្មោះភ័ក្រ គឺជាឈ្មួញដុះស្លែ ប្រចាំតំបន់នេះ ជាយូរឆ្នាំហើយដែរ ជាអ្នកកៀរគរប្រជាពលរដ្ឋឱ្យចូលទៅកាប់បំផ្លាញព្រៃឈើ ពីតំបន់ព្រៃឡង់ ហើយដឹកតាមរថយន្តកែច្នៃ (បុកស័រ) និងគោយន្តកន្ត្រៃ មកស្តុបទុកនៅភូមិអូរក្រពើ ទើបមានរថយន្តមកប្រមូលដឹកចេញបន្ត ក្នុងមួយថ្ងៃ២ ទៅ៣ជើង ប៉ុន្តែមិនដែលឃើញមានសមត្ថកិច្ចធ្វើការបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះឡើយ ទើបតែឃើញបង្ក្រាបបាននៅពេលនេះ។

ប្រជាពលរដ្ឋ បានសម្តែងការគាំទ្រ ចំពោះចំណាត់ការរបស់សមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានសំណូមពរអាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្ត ស្រាវ ជ្រាវឃាត់ខ្លួនបុគ្គលឈ្មោះភ័ក្រ ដែលជាជនទុច្ចរិតបំផ្លាញធនធានធម្មជាតិ យកមកអនុវត្តច្បាប់ ឱ្យខាងតែបាន៕

RELATED ARTICLES