Saturday, April 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹក៨កំប៉ុង ចុះហែលទឹកលេង ល.../ង់ស្លាប់

ផឹក៨កំប៉ុង ចុះហែលទឹកលេង ល…/ង់ស្លាប់

ខេត្តកំពង់ស្ពឺ ៖ បុរសជាកំលោះចាស់ និងជាមន្ត្រីយោធាម្នាក់ ក្រោយពីផឹកស្រាបៀរ អស់៨កំប៉ុង បានដើរចុះទៅហែលទឹកលេង នៅក្នុងស្ទឹងព្រែកត្នោត លុះហែលដល់កណ្តាល អស់ដៃ ក៏លើកដៃហៅឱ្យគេជួយ និងត្រូវបានមិត្តភក្តិស្ទុះលោតទឹកចុះទៅជួយស្រង់ភ្លាមៗដែរ តែហួសពេលទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។

ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះសៀង វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីយោធា (នៅលីវ មិនទាន់មានប្រពន្ធកូន) និងមានលំនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។

តាមការបំភ្លឺរបស់ឈ្មោះសឿង សៅនី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន និងត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខណៈដែលគាត់កំពុងនៅហាងលក់បាយម្ហូប ស្ថិតក្នុងផ្សាររាត្រីកំពង់ស្ពឺ ក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ឃើញជនរងគ្រោះបានជិះកង់មកដល់ហាងរបស់ខ្លួន ហើយបានសួររកក្រវិលកំប៉ុងស្រាបៀរ។ បន្ទាប់មកគាត់បានឱ្យក្រវិលកំប៉ុង ទៅជនរងគ្រោះ ចំនួន៥ក្រវិល និងឱ្យលុយ១ម៉ឺនរៀលថែមទៀត។ ក្រោយមក ជនរងគ្រោះបានទៅដូរយកស្រាបៀរបានចំនួនប្រហែល ១០កំប៉ុង រួចយកមកអង្គុយផឹកតែម្នាក់ឯង អស់ចំនួន ៨កំប៉ុង។ ចំណែកមិត្តភក្តិផ្សេងទៀត សរុប៤នាក់ ក៏នៅ អង្គុយហូបបាយនៅក្នុងហាងនោះដែរ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃដដែល ជនរងគ្រោះបានប្រាប់គាត់និងមិត្តភក្តិផ្សេងទៀតថា ខ្លួនទៅនោមបន្តិច។ ក្រោយមក ជនរងគ្រោះបានដើរចុះទៅខាងក្រោមច្រាំងមាត់ស្ទឹងព្រែកត្នោត ស្រាប់តែមួយសន្ទុះក្រោយមក គាត់បានឃើញជនរងគ្រោះកំពុងហែលក្នុងទឹកស្ទឹងព្រែកត្នោត ពីទិសខាងត្បូង ទៅទិសខាងជើង ដល់ចំណុចកណ្តាលស្ទឹង ទំនងជាអស់ដៃ ក៏ឃើញជនរងគ្រោះលើកដៃបានបន្តិច រួចក៏លិចចូលក្នុងទឹកស្ទឹងព្រែកត្នោត បាត់ទៅ។ ភ្លាមនោះ គាត់និងមិត្តភក្តិ បាននាំគ្នាចុះរាវរកជនរង គ្រោះ ក្នុងស្ទឹងព្រែកត្នោត អស់ពេលប្រមាណ២០នាទី ទើបរកឃើញ តែជនរងគ្រោះលែងដឹងខ្លួនទៅហើយ។ ភ្លាមៗនោះ ក្រុមគ្រួសារ បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែនៅពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ក្រុមគ្រួសារថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES