ភ្នំពេញ ៖ បុរសបរទេសស្បែកខ្មៅ ចំនួន២នាក់ បានធ្វើសកម្មភាពឆបោកជនជាតិខ្មែរម្នាក់ យកប្រាក់អស់ចំនួន ៧លានដុល្លារ ត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការឃាត់ខ្លួនជនជាតិស្បែកខ្មៅ ទាំង២នាក់ បានធ្វើឡើង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
តាមរយៈសំណេរបង្ហោះក្នុងគណនីបណ្តាញសង្គមផ្ទាល់ខ្លួន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបរាប់ទាំងស្រុងថា “សេចក្តីលោភលន់ អាចធ្វើឱ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ! រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទ បង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្ នំពេញ ដូចជាករណីទម្លាក់មាសបញ្ឆោត ឱ្យយើងឃើញ ហើយបបួលយើងចែកគ្នា ដោយគេយកគ្រឿងអលង្ការ ឬប្រាក់ដែលមានជាប់ខ្លួនយើង ហើយយើងយកមាសដែលគេទម្លាក់ មកផ្ទះក្លាយជារបស់ក្លែងក្លាយ។ ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរស ឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃ ឬប្រាក់ពីក្រៅប្រទេស ឱ្យយើង បន្ទាប់មកក៏មានអ្នកក្លែងជាគយឬសមត្ថកិច្ច តេប្រាប់យើងថា របស់មានតម្លៃ ឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេស សុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថា ដើម្បីយករបស់ ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឱ្យគេ ជាដើម តែអ្វីដែលភ្ញាក់ផ្អើលនិងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗ របស់ជន ទុច្ចរិត នៅតែមានប្រសិទ្ធភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់ និងធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន…”។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តថា “ថ្ងៃនេះ ខ្ញុំសូមលើកយករូបភាពឆបោក មួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឱ្យមហាជនមានការប្រយ័ត្ន។ ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែក ខ្មៅ ៥នាក់ លួងលោមថា ពួកគេមានមានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជាប្រាក់អាចចាយបាន ដោយពួកវានឹងឱ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ១ទ្វេជា៥។ ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន២ពាន់ដុល្លារ ឱ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីនក្រឡុកជាមួយម្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោក បានឱ្យជនរងគ្រោះ លេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមី ដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឱ្យមើលមុនផងដែរ។ មួយសន្ទុះក្រោយមក ឃើញថា ប្រាក់ចេញមកវិញ ចំនួន១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) បន្ទាប់មកក្រុមឆបោក ក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឱ្យទៅជនរងគ្រោះទាំង អស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ)។ ក្រោយមក ជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឱ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឱ្យជនរងគ្រោះ ចំនួន២៥ លានដុល្លារ គ្រាន់តែរៀងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោក បានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថា ប្រាក់ទាំងនេះ មិនទាន់ឱ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ ក្រោយមក ១ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថា សុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាសសសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ…”។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្ថែមថា “ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោក បានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់ នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច) ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ២នាក់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត…”។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានអំពាវនាវថា “ជាថ្មីម្តងទៀត ខ្ញុំសូមយកបទពិសោធន៍ទាំងនេះ អំពាវនាវដល់បងប្អូន សូមមានការត្រិះរិះដោយប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត កុំឱ្យសេចក្តីលោភលន់ មកបិទបាំងភ្នែក និងរារាំងដល់ការពិចារណាយើងបាន ព្រោះថា លើលោកនេះ ពុំមានផលប្រយោជន៍ឯណារត់មករកយើងដោយឯកឯងទេ បើគេប្រាប់យើងថា អាចរកប្រាក់បានស្រួល ដោយមិនបាច់ប្រឹង យើងត្រូវសួរខ្លួនឯងថា ម្តេចគេមិនសម្ងំរកម្នាក់ឯង បែរជាមកហៅរកយើងឱ្យចូលរួមចែករំលែកឬកាត់បន្ថយផលប្រយោជន៍របស់គេ? តើយើងត្រូវជាអ្វីនឹងគេ? ចុះម្តេចគេមិនយកផលប្រយោជន៍ទាំងនោះទៅចែករំលែកជាមួយប្រពន្ធកូន បងប្អូនសាច់ញាតិ មិត្តភក្តិស្និទ្ធស្នាល ឬជនរួមជាតិគេ? នេះហើយជាទម្រង់នៃការបោកប្រាស់…”៕