ខេត្តបាត់ដំបង ៖ យុវជនខ្ចាត់ព្រាត់ម្នាក់ ឃើញខ្ទមចាំស្រែរបស់ម្តាយមីងបង្កើត ទុកចោល ក៏បានទៅសុំស្នាក់នៅ ព្រោះខ្លួនគ្មានផ្ទះសម្បែងសម្រាប់ជ្រកកោន លុះម្តាយមីងមិនព្រម ស្រាប់តែផ្ទុះកំហឹង យកដែកកេះទៅដុតខ្ទមស្រែរបស់ម្តាយមីងចោល បណ្តាលឱ្យឆេះហ្មត់ ទីបំផុត ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចខ្ទមចាំស្រែមួយកន្លែង ត្រង់ចំណុចអូរតាចាន់ (តំបន់២) ស្ថិតក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី។ រហូតមកដល់វេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចដីតំបន់២ ស្ថិតក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ម៉ៅ មឿត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី។ ចំណែកខ្ទមចាំស្រែ ដែលរងការ ឆេះខូចខាតនោះ ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុយ អ៊ាក ភេទប្រុស អាយុ៤៧ឆ្នាំ មានលំនៅ ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចអូរតាចាន់ (តំបន់២) ស្ថិតក្នុង ភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសមួយ កើតឡើង បង្កដោយជន សង្ស័យឈ្មោះម៉ៅ មឿត បានធ្វើសកម្មភាពយកភ្លើង (ប្រើដែកកេះ) ដុតខ្ទមចាំស្រែរបស់ឈ្មោះអ៊ុយ អ៊ាក បណ្តាលឱ្យឆេះទាំងស្រុង រួមទាំងមានសម្ភារៈទ្រព្យ សម្បត្តិនៅក្នុងនោះទាំងអស់។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងស្របតាមយោបល់ ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំ កម្លាំងចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជន សង្ស័យឈ្មោះម៉ៅ មឿត បាននៅវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចដីតំបន់២ ស្ថិតក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានដុតខ្ទមចាំស្រែខាងលើចោលប្រា កដមែន ចំពោះមូលហេតុដោយសារខឹងប្រពន្ធជនរងគ្រោះ ដែលត្រូវជាមីងបង្កើត ដែលខ្លួនសុំស្នាក់នៅក្នុងខ្ទមនោះ តែជនរងគ្រោះមិនព្រមឱ្យស្នាក់នៅ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕