Saturday, April 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើង.../ឆេះរោងចក្រផលិតគ្រឿងជ័រ ខូចខាតផលិតផលសម្រេច ១ឃ្លាំង

ភ្លើង…/ឆេះរោងចក្រផលិតគ្រឿងជ័រ ខូចខាតផលិតផលសម្រេច ១ឃ្លាំង

ខេត្តតាកែវ ៖ ឃ្លាំងស្តុកអីវ៉ាន់ផលិតផលសម្រេច ពីគ្រឿងជ័រប្លាស្ទិក  នៅរោងចក្រ ហុងហ្វា ប្លាស្ទិក ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ចំនួន១អគារ ក្នុងចំណោម ៣អគារ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងស្តុកអីវ៉ាន់ផលិតផលសម្រេច ពីគ្រឿងជ័រប្លាស្ទិក ក្នុងរោងចក្រ ហុងហ្វា ប្លាស្ទិក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី។

ឃ្លាំងដែលអគ្គិភ័យឆាបឆេះ សង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ២០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ ស្មើនឹង១២០០ម៉ែត្រការ៉េ ខូចខាតអស់ទាំងស្រុង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ឃ្លាំងស្តុកអ៊ីវ៉ាន់ផលិតផលគ្រឿងជ័រប្លាស្ទិក ស្នោ របស់រោងចក្រខាងលើ មានចំនួន ៣អគារជាប់គ្នា ហើយនៅវេលាម៉ោងខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះអស់ ១អគារទាំងស្រុង។ប្រភពដដែល បន្តថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិ ភ័យ ចំនួន៧គ្រឿង ក្នងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន២ គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាទី ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន៣គ្រឿង។

ចំពោះមូលហេតុដែលនាំឱ្យមានការឆាបឆេះខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ៕

RELATED ARTICLES