Saturday, April 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងកសិកម្ម បដិសេធនាំចេញស្វាក្តាមទៅអាមេរិក

ក្រសួងកសិកម្ម បដិសេធនាំចេញស្វាក្តាមទៅអាមេរិក

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម បានបដិសេធចំពោះរបាយការណ៍ដែលថា កម្ពុជា នៅតែបន្តនាំចេញសត្វស្វាក្តាម ពីព្រៃធម្មជាតិ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាមានការណែនាំឱ្យផ្អាកពីអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វព្រៃជិតផុតពូជ (CITES) ក៏ដោយ។

លោកឃឹម ហ្វីណង់ មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា កម្ពុជា មិនអនុញ្ញាតឱ្យមានការចាប់ឬនាំចេញសត្វស្វាក្តាម ពីព្រៃធម្មជាតិនោះទេ។ លោកបានបន្ថែមថា សត្វស្វាដែលបាននាំចេញកន្លងមក គឺជាសត្វជំនាន់ក្រោយ ដែលកើតនៅក្នុងកសិដ្ឋានចិញ្ចឹម ដែលមានការចុះបញ្ជីត្រឹមត្រូវ។

ការបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានដកស្រង់អត្ថ បទពីសារព័ត៌មានបរទេស Mongabay ដោយចោទប្រកាន់ថា កម្ពុជា នៅតែបន្តនាំចេញសត្វស្វាកន្ទុយវែង ក្នុងចំនួនច្រើន ទៅសហរដ្ឋអាមេរិក បើទោះបីជា CITES បានណែនាំឱ្យផ្អាកការជួញដូរសត្វប្រភេទនេះពីកម្ពុជា ក៏ដោយ។

លោកឃឹម ហ្វីណង់ បានសង្កត់ធ្ងន់ថា មិនមានការសម្រេចណាមួយពីគណៈកម្មាធិការអចិន្ត្រៃយ៍ នៃលេខាធិ ការដ្ឋាន CITES ឱ្យផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជា នោះទេ ថែមទាំងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា បានការពារដោយជោគជ័យនូវជំហររបស់ខ្លួន និងមិនមានការសម្រេចផ្អាកការធ្វើពាណិជ្ជកម្មសត្វស្វាក្តាមពីកម្ពុជា នោះឡើយ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់ក្រសួងកសិកម្ម ក្នុងការគ្រប់គ្រងការនាំចេញសត្វស្វាក្តាម និងការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមអនុសញ្ញា CITES ដោយធានាថា សត្វដែលនាំចេញ គឺពិតជាកើតនៅក្នុងកសិដ្ឋានចិញ្ចឹមត្រឹមត្រូវ មិនមែនចាប់ពីព្រៃធម្មជាតិនោះទេ៕

RELATED ARTICLES