Monday, April 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួន១០នាក់ ជីកកំណប់មាស

ឃាត់ខ្លួន១០នាក់ ជីកកំណប់មាស

ខេត្តពោធិ៍សាត់ ៖ មនុស្សប្រុសស្រី ចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួន បន្ទាប់ពីប៉ុនប៉ងជីករកកំណប់មាស តែមិនទាន់ដឹងថា ក្នុងរណ្តៅដែលកំពុងជីករកនោះបានឃើញកំណប់មាសមែនឬបែបណានោះទេ។

ការបង្ក្រាបខាងលើ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចជើងភ្នំតាដន ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។

ជនសង្ស័យទាំង១០នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះថុល តូម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ភូមិផ្លាង សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី២-ឈ្មោះម៉ាន់ ទីវ័ន្ត ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៣-ឈ្មោះដុល ហៀង ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិកណ្តាល ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទី៤-ឈ្មោះផាន់ ភ័ត្ត្រា ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ ភូមិផ្លាង សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី៥-ឈ្មោះធូ ទ្រីលីដា ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែជ័យ រាជធានីភ្នំពេញ។ ទី៦-ឈ្មោះវ៉ាន ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិផ្លាង សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី៧-ឈ្មោះឡង់ សៅធី ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិមាន់ចែ  សង្កាត់ព្រៃញី ក្រុងពោធិ៍ សាត់ ខេត្តពោធិ៍សាត់។ ទី៨-ឈ្មោះសុខ រ៉ា ភេទប្រុស  អាយុ៥៥ឆ្នាំ មានលំនៅ ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រ វាញ ខេត្តពោធិ៍សាត់។ ទី៩-ឈ្មោះហង្ស បូរី ភេទស្រី អាយុ៦០ឆ្នាំ មានលំនៅ ផ្ទះលេខ 21C សង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងទី១០-ឈ្មោះផេង បូធារី ភេទស្រី អាយុ៣៣ឆ្នាំ មានលំនៅ សង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្នុងចំណោមជនទាំង១០នាក់ ឈ្មោះថុល តូម៉ា ត្រូវបានសន្មតថាជាមេក្រុម បានសារភាពចំពោះមុខសមត្ថកិច្ចថា ទីកន្លែងមានកំណប់មាសនេះ ខ្លួនដឹងតាមរយៈឈ្មោះសាម គឹមវ៉ាង ភេទស្រី អាយុប្រហែល៤៥ឆ្នាំ មិនស្គាល់អាសយដ្ឋាន ហើយឈ្មោះសាម គឹមវ៉ាង បានរៀបចំ សម្ភារៈ ឧបករណ៍សម្រាប់ស្វែងរកកំណប់ និងជីករកកំណប់ ទុកឱ្យខ្លួននៅទីនោះតែម្តង។

ឈ្មោះថុល តូម៉ា បានសារភាពទៀតថា ពួកខ្លួនទាំងអស់៨នាក់ បានធ្វើសម្មភាពជីកស្វែងរកកំណប់ រហូតដល់វេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្រាប់តែមានខាងសមត្ថកិច្ចបានចុះមកហាម ឃាត់ រួចនាំពួកខ្លួនមកសាកសួរតែម្តង។

មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ចំពោះការជីករកកំណប់មាស នៅចំណុចភ្នំតាដន ស្ថិតក្នុងភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ គឺពុំមានច្បាប់អនុញ្ញាតឱ្យធ្វើការរុករកនោះទេ។ ប៉ុន្តែពួកគេបានឆ្លើយថា មានទំនាក់ទំនងផ្ទាល់មាត់ជាមួយមន្ត្រីម្នាក់ និងបានណែនាំឱ្យសុំភ្លើងខៀវពីថ្នាក់ លើមួយទៀត។ ដោយមានការសម្របសម្រួលពីថ្នាក់លើរូបនោះ ទើបក្រុមការងារធ្វើសកម្មភាពជីករុករកកំណប់មាស នៅចំណុចខាងលើនេះ។ ប្រសិនបើជីករកកំណប់មាសឃើញពេលណា ខ្លួននិងឈ្មោះសាម គឹមវ៉ាង និងរាយការណ៍ទៅថ្នាក់លើ ដើម្បីទទួលការចាត់ចែង។ ជននេះមានរថយន្ត ១គ្រឿង ម៉ាក TOYOTA HILUX REVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-5959 ចំណែកសម្ភារៈសម្រាប់ជីកកំណប់មាស ជារបស់ឈ្មោះ សាម គឹមវ៉ាង។

តាមការឱ្យដឹងពីពួកអ្នករុករកកំណប់មាសនេះ បានធ្លោយឱ្យដឹងថា មានមន្ត្រីនគរបាលម្នាក់ដែលមាននាម សម្ងាត់ ៣៣ ក៏ចូលដៃចូលជើងជាមួយក្រុមខ្លួនដែរ ដោយបានជំរុញឱ្យនាំគ្នាត្រាយព្រៃ ដើម្បីរកទីតាំងកំណប់ មាសនោះ ។

ជនម្នាក់ ឈ្មោះសុខ រ៉ា បាននិយាយថា ខ្លួនត្រូវបានមន្ត្រីនគរបាលខាងលើ ហៅឱ្យចូលរួមរកកំណប់មាស តែខ្លួនមិនដឹងថា តើគេដឹងពីណាមកថា តំបន់ជើងភ្នំតាដន មានកំណប់មាស តើមានប៉ុន្មានទៅ?

ចំណែកស្ត្រីឈ្មោះហង្ស បូរី ជាទីប្រឹក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាតួនាទីដែលមានការតែងតាំងពីសំណាក់ឈ្មោះឡាច សំរោង ជាសាកលវិទ្យាធិការ។ ឈ្មោះ ឡាច សំរោង ពេលនេះបានគេចខ្លួនបាត់ ទាក់ទិននឹងការសមគំនិតជាមួយគ្រូមា លី សាម៉េត រឿងពុករលួយ។ ស្ត្រីឈ្មោះហង្ស បូរី បានឆ្លើយប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២និង៣០នាទី ឈ្មោះថុល តូម៉ា បានទាក់ទងខ្លួន តាមរយៈទូរស័ព្ទដៃ ដោយឈ្មោះថុល តូម៉ា បានសួរខ្លួនថា ឱ្យជួយរកអ្នកដោះមីន។

ក្រោយការសាកសួរខ្លះពីជនដែលត្រូវឃាត់ខ្លួនបាន បង្ហាញថាអ្នកដែលដឹងថាមានកំណប់មាស ឬបែបណានោះ គឺជាអតីតមន្ត្រីខ្មែរក្រហម។

ឆ្លងតាមការសាកសួរលើជនសង្ស័យមួយចំនួន សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានសម្រេចនាំខ្លួនជន ១០នាក់ខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES