Monday, April 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង់៦០០ដុល្លារ អត់បានទៅកូរ៉េ ប្តឹងប៉ូលិសចាប់ ៧នាក់

បង់៦០០ដុល្លារ អត់បានទៅកូរ៉េ ប្តឹងប៉ូលិសចាប់ ៧នាក់

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាល “អេស ភី យូហាក់” (ក្រុមហ៊ុននាំពលករចេញទៅធ្វើការនៅប្រទេសកូរ៉េ) ចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីមានប្រជាពលរដ្ឋប្រមាណ ៣០នាក់ ផ្ទុះការតវ៉ា និងប្តឹងសុំអន្តរាគមន៍ បន្ទាប់ពីបង់លុយរៀនរួចហើយ តែមិនបានទៅធ្វើការនៅប្រទេសកូរ៉េ។

ការឃាត់ខ្លួនថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាល “អេស ភី យូហាក់” នេះ បានធ្វើឡើងកាល ពីវេលាម៉ោង ១១យប់ ថ្ងៃទីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ 75Eo ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះគុជ ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុន។ ទី២-ឈ្មោះគុជ ពិសី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនាយកប្រតិបត្តិសាលា មានលំនៅ ផ្ទះជួល ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ទី៣-ឈ្មោះរាជ ផល្លា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅផ្ទះលេខ E22 សង្កាត់ព្រៃស ខណ្ឌដង្កោ។ ទី៤-ឈ្មោះទូច សុភក្រ័ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅ ផ្ទះ E0 ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ទី៥-ឈ្មោះយឹម សុបុត្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅផ្ទះជួល ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ទី៦-ឈ្មោះស្រូច ឈឿយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅ ផ្ទះជួលលេខ២១ ផ្លូវបេតុង សង្កាត់ឫស្សីកែវ និងទី៧-ឈ្មោះសេង ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅ ផ្ទះជូល ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មនុស្សទាំង៧នាក់ខាងលើ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីមានពលកររងគ្រោះ ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ ដោយសារបានបង់លុយរៀនហើយ តែមិនបានចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដូចក្រុមហ៊ុនបានសន្យា និងថែមទាំងបានក្លែងឯកសារទៀតផង ដូចជាសញ្ញាបត្រទី១២ ជាដើម។ ល្បិចបោកបែបនេះ បានកើតមានជាយូរមកហើយ តែប្រជាពលរដ្ឋយើងមួយចំនួន មិនបានដឹងព័ត៌មាន ក៏បន្តចាញ់ក្រុមបោកពួកខិលខូច ទាំងនេះ។

គួរបញ្ជាក់ថា ពលកររងគ្រោះប្រមាណជាង ៣០នាក់ បានផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ បន្ទាប់ពីពួកគេបង់ប្រាក់ទៅឱ្យមជ្ឈមណ្ឌល “អេស ភី យូហាក់” ក្នុងម្នាក់ៗ ៦០០ដុល្លារ ដើម្បីចូលសិក្សា និងរត់ការទៅធ្វើការនៅប្រទេសកូរ៉េ តែរយៈពេល ៧ខែហើយ នៅតែមិនបានទៅធ្វើការនៅប្រទេសកូរ៉េ។

ការតវ៉ានិងចរចារទាមទារប្រាក់មកវិញរបស់ពួកគាត់នេះ បានធ្វើឡើងតាំងពីព្រឹករហូតដល់យប់ជ្រៅ តែមិនត្រូវគ្នា រហូតអាជ្ញាធរដឹកនាំដោយលោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកជិន ប៊ុនធឿន អភិ បាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចុះទៅសម្របសម្រួល និងឈានដល់ការឃាត់ខ្លួនបុគ្គលិកដែលបម្រើការនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលតែម្តង។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាល “អេស ភី យូហាក់” ចំនួន៧នាក់ ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត។

ចំពោះវត្ថុតាងដែលដកហូតបាន មានសញ្ញាបត្រទុតិយភូមិ (ក្លែងក្លាយ) ចំនួន៣ច្បាប់។

ជនសង្ស័យទាំង៧នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES