ភ្នំពេញ ៖ បុរសម្នាក់ កំពុងបើកបររថយន្តទំនើប ១គ្រឿង តាមផ្លូវសុខៗ ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់ លាយអណ្តាតភ្លើង ចេញពីម៉ាស៊ីន រួចក៏បង្កឱ្យមានការឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យរងការខូចខាតទាំងស្រុង សល់តែគ្រោងឆ្អឹងដែក។

ហេតុការណ៍ភ្លើងឆេះរថយន្តនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវណតប៊្រីដ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

រថយន្តដែលត្រូវភ្លើងឆេះ ម៉ាក Mercedes Benz ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-7774 បើកបរនិងរួមដំណើរដោយជនជាតិចិន ចំនួន២នាក់។

តាមព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរដោយជនជាតិចិន ចំនួន២ នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវណតប៊្រីដ ក្នុងទីសដៅពីជើង ទៅត្បូង លុះពេលធ្វើដំណើរហួសបុរីអតីតឃ្លាំង K4 បន្តិច ស្រាប់តែឃើញមានផ្សែងហុយចេញពីផ្នែក ម៉ាស៊ីន និងលាយឡំដោយអណ្តាតភ្លើងផង រួចក៏កើតជាការឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។

ប្រភពដដែល បន្តថា ភ្លាមៗអ្នកបើកបរ ព្រមទាំងអ្នកជិតខាង បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ដែរ តែទប់ស្កាត់មិនបាន ទើបរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ទើបភ្លើងបានរលត់ តែរថយន្តខាងលើ ត្រូវភ្លើងឆេះខូចខាតទាំងស្រុង នៅសល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅខណ្ឌសែនសុខ ឱ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់រិយាល័យរាជធានីភ្នំពេញ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប រហូតអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃដដែល ដោយមិនមានការឆេះរាលដាលឡើយ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តភ្លើងក្នុងរថយន្ត។ គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕