Wednesday, April 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ហាញមុខជនសង្ស័យ៣២នាក់ ពាក់ព័ន្ធបទល្មើ.../ស១៣ករណី

បង្ហាញមុខជនសង្ស័យ៣២នាក់ ពាក់ព័ន្ធបទល្មើ…/ស១៣ករណី

ភ្នំពេញ ៖ ជនសង្ស័យ ៣២នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើស ១៣ករណី មានលួច ឆក់ ក្លែងបន្លំឯកសារ និងអំពើជួញដូរមនុស្ស យកមកបង្ហាញមុខឱ្យសាធារណជនបានឃើញមុខ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំ ពេញ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការខណ្ឌទាំង១៤ ដើម្បីស្រាវជ្រាវបង្ក្រាប រយៈពេល៣ថ្ងៃ គិតពីថ្ងៃ២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ជាលទ្ធផល បង្ក្រាបសរុប ១៣ ករណី ឃាត់ខ្លួន ៣២នាក់ (ស្រី៤នាក់) ជនជាតិបរទេស ចំនួន ២នាក់។

លោកស្នងការរង បន្តថា នៅក្នុងចំណោមជនសង្ស័យទាំង៣២នាក់ នៅក្នុងនោះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន ៣ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន ១០នាក់។ ក្នុងនោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចំនួន២ករណី ឃាត់ខ្លួនបានចំនួន៦នាក់ និងករណីលក់ដូរមនុស្ស ចាប់ឃុំឃាំងនិងបង្ខាំងខុសច្បាប់ ១ករណី ឃាត់ខ្លួនបានចំនួន៤នាក់។ នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបបាន ១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ (ស្រី៣នាក់) ក្លែងបន្លំឯកសារសាធារណៈ និងរំលោភលើទំនុកចិត្ត ដោយយកប្រាក់ធ្វើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្លែងក្លាយ។ នគរបាលខណ្ឌទួលគោក បង្ក្រាបបាន ៣ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ ករណីលួចនិងឆក់។ នគរបាលខណ្ឌ៧មករា បង្ក្រាបបាន ២ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់ គំរាមកំហែងនឹងសម្លាប់ ដោយយកកូនកាំបិតចុងស្រួច ដេញចាក់ជនរងគ្រោះ។ នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន ២ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់ លួចម៉ូតូ និងលួចកុំព្យូទ័រ និងនគរបាលខណ្ឌចម្ការមន បង្ក្រាបបាន ២ករណី ឃាត់ខ្លួនបាន២នាក់ គឺជនជាតិបរទេស (ជនជាតិចិន លួចម៉ូតូកង់៣ និងជនជាតិស៊ុយអែត លួចម៉ូតូ)។

ដោយឡែកជនសង្ស័យចំនួន ៥នាក់ទៀត សមត្ថកិច្ចពុំបានបញ្ជាក់ថា ជាករណីអ្វីពិតប្រាកដនោះឡើយ ដោយដាក់បញ្ចូលបង្ហាញមុខរួមគ្នា នៅព្រឹកនេះដែរ សរុបទាំងអស់៣២នាក់ ។

លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានបន្តថា ក្រោយពីធ្វើការបង្ហាញ មុខជាសាធារណៈរួចមក កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការបញ្ជូនជនសង្ស័យទាំងនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES