Friday, May 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទ៨ដង ជា.../ប់ខ្នោះ៦នាក់

ឆក់ទូរស័ព្ទ៨ដង ជា…/ប់ខ្នោះ៦នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាប ឃាត់ខ្លួនជន សង្ស័យ បានចំនួន៦នាក់ ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទរបស់ប្រពលរដ្ឋ និងជនបរទេស នៅក្នុងរាជធានីភ្នំពេញ សរុប៨ករណី។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ថា ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបន្តបន្ទាប់ ជនសង្ស័យ សរុបចំនួន៦នាក់។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហេង សុនី ហៅធី ភេទប្រុស អាយុ២០ឆ្នាំ។ ទី២-ឈ្មោះសារុន វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ទី៣-ឈ្មោះអ៊ុំ ប៊ុនហ៊ាង ហៅអាហ៊ាងតូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៤-ឈ្មោះដា រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវរថភ្លើង សង្កាត់ទួលសង្កែរទី១ ខណ្ឌ ឫស្សីកែវ។ ទី៥-ឈ្មោះកែវ រ៉ាហ៊ាង ហៅអាហ៊ាងធំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងទី៦-ឈ្មោះបូរ ស័ក្កករុណា ហៅម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១០៣ បុរីឈូកវ៉ា២ ផ្លូវលេខ១៨ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៦នាក់ខាងលើ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ៨ករណី រួមមាន ៖

ករណីទី១- អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក iPhone 13 Pro Max បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខសាលាវេស្ទើនអន្តរជាតិ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

ករណីទី២- អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ ម៉ាក iPhone 14 Pro Max) ប្រព្រឹត្តនៅចំណុចមុខផ្សារ TK សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ករណីទី៣- អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក REALME ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ករណីទី៤- អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក iPhone 12 Pro Max) ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ករណីទី៥- អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក iPhone 13 Pro Max) ប្រព្រឹត្តនៅចំណុចមុខផ្សារ TK សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ករណីទី៦- អំពើលួចមានស្ថានទម្ងន់ ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក iPhone 13) ប្រព្រឹត្តនៅចំណុចមុខស្តាតអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា។

ករណីទី៧- អំពើលួចមានស្ថានទម្ងន់ ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបជនបរទេស មិនបានសម្រេច) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១អា ផ្លូវលេខ២១ ក្រុម២៩ ភូមិ៥សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីវេលាម៉ោង ៦និង៣១នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ (ព្រហ្មទណ្ឌកម្រិតស្រាលឃាត់បាន)។

ករណីទី៨- អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone 13 Pro Max) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០៥ ផ្លូវលេខ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៦ និង៤៨នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

ចំពោះវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៤ ឡើងតែម២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-4379 ១គ្រឿង និងទូរស័ព្ទដៃម៉ាក iPhone 12 ពណ៌ស្វាយ (ចាប់យកពីឈ្មោះអ៊ុំ ប៊ុនហ៊ាង ហៅហ៊ាងាតូច)។ ទី២-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HX-2074 (ចាប់យកពីឈ្មោះបូរ ស័ក្កករុណា ហៅម៉ាប់)។ ៣-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone13 Pro Max ពណ៍ទឹកសមុទ្រ (ចាប់យកពីឈ្មោះដា រ៉ា)។ ៤-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DP-0320 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) ចាប់យកនៅបន្ទប់ជួលផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ។

ជនសង្ស័យទាំង៦នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES