ខេត្តស្វាយរៀង ៖ ភ្លៀងមួយមេធំ លាយខ្យល់កន្ត្រាក់ បានបក់បោកទៅលើឃុំចំនួន៣ ក្នុងស្រុករំដួល ខេត្តស្វាយរៀង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បង្កឱ្យប៉ះពាល់ផ្ទះសម្បែងរបស់ពលរដ្ឋ ការ៉ាស់សាំង ដើមឈើ បង្គោលភ្លើង បាក់រលំ ប៉ើងរបើកដំបូល។

តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ក្នុងភូមិសាស្ត្រស្រុករំដួល មានគ្រោះធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំផ្ទះ ក្នុងភូមិត្រពាំងចំបក់ ឃុំស្វាយចេក ភូមិក្រូច ឃុំជ្រុងពពេល និងភូមិចំណកត្រាច ភូមិត្រពាំងក្នុង ឃុំថ្នាធ្នង់ ក្នុងស្រុករំដួល ខេត្តស្វាយរៀង។

លោកមេភូមិត្រពាំងក្នុង បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ថា ក្នុងភូមិរបស់លោក មានផ្ទះបាក់ រលំ ខូចខាត ចំនួន៥ខ្នង ដោយសារភ្លៀងខ្យល់កន្ត្រាក់ ក្នុងនោះ ទី១-ពលរដ្ឋឈ្មោះព្រាប ឆាន ខូចខាតផ្ទះប្រក់ក្បឿង ទំហំ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ។ ទី២-ឈ្មោះព្រាប សែន ខូចខាត ផ្ទះឈើប្រក់ស៊ីប្រូស៊ីម៉ងត៍ ទំហំ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ។ ទី៣-ឈ្មោះឆែម ធី ខូចខាតផ្ទះឈើប្រក់ស័ង្កសី។ ទី៤-ឈ្មោះជា ស្លឹក ខូចខាត ផ្ទះឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ និងទី៥-ឈ្មោះញ៉ាវ ហេន ខូចខាតផ្ទះឈើ ប្រក់ស័ង្កសី ទំហំ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ ខ្ទេចទាំងស្រុង។

ក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលើ ក្នុងភូមិត្រពាំងចំបក់ ឃុំស្វាយចេក ខ្យល់បក់ប៉ើងផ្ទះមួយខ្នង ច្រើនម៉ែត្រ បាក់ខ្ទេចទាំងស្រុង ។ ចំណែកនៅក្នុងភូមិក្រូច ឃុំជ្រុងពពេល មានការ៉ាស់សាំង មួយកន្លែង ប៉ើងបាក់ដំបូលខ្ទេច ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន៕