ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម មានគ្នាចំនួន៦នាក់ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ១កន្លែង ចូលទៅលួចបានលុយកាក់និងទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់ ប្រមាណជាង ៥ម៉ឺន៥ពាន់ដុល្លារ រួចនាំគ្នាគេចខ្លួនបាត់អស់។ លុះក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់ ខណៈបក្ខពួក ៤នាក់ទៀត បានរត់គេចបាត់អស់។

ករណីគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។ រហូតមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ចំនួន២នាក់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះ កន ឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង (ជាអ្នកធ្វើសកម្មភាពលួច)។ ទី២-ឈ្មោះរ៉ី រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង (ជាអ្នកចាំមើលផ្លូវ)។ ចំណែកជនសង្ស័យ ចំនួន៤នាក់ ផ្សេងទៀត កំពុងរត់គេចខ្លួន ដោយក្នុងនោះ មាន៣នាក់ គឺជាអ្នកទទួលផលចោរកម្ម។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន នាឡិកា ចំនួន៤គ្រឿង ទូរស័ព្ទ ចំនួន២គ្រឿង ថេបប្លេត ១គ្រឿង អាយផេត ១គ្រឿង ប្រាក់ដុល្លារសិង្ហបុរី ក្រដាស១០០ ចំនួន២សន្លឹក និងសម្ភារមួយចំនួនទៀត (ជារបស់ជនរងគ្រោះ)។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជនរងគ្រោះ និងមិត្តភក្តិ បានអង្គុយជជែកគ្នាលេងនៅក្នុងខ្យូសមួយកន្លែង ក្នុងស្រុកកណ្តាលស្ទឹង បន្ទាប់មកនៅវេលាម៉ោង១០និង៣០ នាទីយប់ថ្ងៃដដែល ជនរងគ្រោះនិងមិត្តភក្តិ បែកគ្នាទៅសម្រាករៀងៗខ្លួនទៅ។ លុះព្រឹកឡើង ជនរងគ្រោះមកធ្វើការដូចរាល់ដង ស្រាប់តែប្រពន្ធជនរងគ្រោះ បានទូរស័ព្ទប្រាប់ថា មានចោរចូលរើកកាយលួចអីវ៉ាន់នៅក្នុងផ្ទះ ខ្ទេចខ្ទីអស់ហើយ ទើបជនរងគ្រោះប្រញាប់ទៅមើលផ្ទាល់ និងបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋ បាលអំពៅព្រៃ ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ។ រហូតមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលធ្វើកម្មភាព ពួកខ្លួនបានជិះម៉ូតូ ទៅទិញថ្នាំញៀនជក់ ពេលកំពុងជក់ថ្នាំញៀន ពួកខ្លួនបានពិភាក្សាគ្នាពីរឿងចូលលួចសម្ភារៈក្នុងផ្ទះឯកឧត្តមម្នាក់ មិនស្គាល់ឈ្មោះ រួចក៏បានដើរសំដៅទៅផ្ទះដែលត្រូវលួចហើយឈរចាំចម្ងាយប្រហែល៣០ម៉ែត្រ។ ចំណែកជន សង្ស័យម្នាក់ទៀត បានជិះម៉ូតូទៅចាំទទួលនៅខាងត្បូងប្រឡាយ ចម្ងាយពីផ្ទះកើតហេតុ ប្រហែល២០ម៉ែត្រ។ បន្ទាប់មក ជនសង្ស័យម្នាក់ទៀតបានលូនចូលទៅលួចសម្ភារៈបានមួយចំនួន មានដូចជា នាឡិកា ៤គ្រឿង iPad ២គ្រឿង ទូរស័ព្ទ ២គ្រឿង វ៉ែនតា២ ខ្សែក្រវាត់១ ក្រដាសប្រាក់សាំងហ្គាពួរ ក្រដាស១០០ចំនួន២សន្លឹក ស្បែកជើងប៉ាត់តា ១គូ ប៊ិក ១ដើម power bank ១ ឈើរូបនាគ១ រួចបានទូរស័ព្ទឱ្យបក្ខពួកឱ្យមកដឹកទៅស្រែអូ ដែលស្ថិតក្នុងភូមិព្រៃតាថុក ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង បានទម្លាក់គ្នីគ្នាម្នាក់ចុះ ហើយជិះទៅបាត់ទៅ។
បន្ទាប់មក ពួកខ្លួនបានជិះម៉ូតូសំដៅទៅផ្ទះរបស់ជនសង្ស័យ ឈ្មោះតុង សំណាង ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រែររកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីចែកសម្ភារៈដែលលួចបាន ក្រោយចែកគ្នារួច ក្រុមជនសង្ស័យបានយកទៅលក់យកលុយ ដើម្បីទុកទិញគ្រឿងញៀន ប៉ុន្តែត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់តែម្តង។

ជនសង្ស័យ បន្តទៀតថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាពចូលលួចសម្ភារៈនៅក្នុងផ្ទះរបស់ជនរងគ្រោះ ចំនួន២លើកមកហើយ ដោយលើកទី១ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ខ្លួនបានចូលលួចកាត់ខ្សែភ្លើង នៅជាប់នឹងជញ្ជាំង រួចមូរជាដុំ យកមកបកយកជ័រក្រៅចេញ យកតែទង់ដែង យកទៅលក់អេតចាយ បានលុយ យកទៅទិញគ្រឿង ញៀនប្រើប្រាស់ និងលើកទី២នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។
ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ដោយឡែកបក្ខពួកផ្សេងទៀត កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបន្ត៕