ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល កាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ បានចុះបង្ក្រាបល្បែងចិន ១កន្លែង ដែលជ្រកក្រោមស្លាកហាង “លក់ទំនិញគ្រប់មុខ ១ដុល្លារ” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមកិច្ចសហការពីម្ចាស់ទីតាំងដែលជាជនជាតិខ្មែរ ផងដែរ។

គណៈបញ្ជាការឯកភាពខណ្ឌកំបូល បានបញ្ជាក់ថា ម្ចាស់ទីតាំង ជាជនជាតិខ្មែរ មានលំនៅ ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល។ ចំណែកអ្នកជួលដីបើកហាងបង្កប់ល្បែងស៊ីសងខុសច្បាប់ ឈ្មោះ DUAN CHENGYAN ភេទស្រី ជនជាតិចិន អាយុ៥៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EE4727164។

បន្ទាប់ពីបានដឹងថា អ្នកជួលទីតាំងដីរបស់ខ្លួន បើកល្បែងស៊ីសងបែបនេះ ម្ចាស់ទីតាំងដែលជាជនជាតិខ្មែរ បានរាយការណ៍ជូនអាជ្ញាធរ និងសំណូមពរឱ្យអាជ្ញាធរចុះបង្ក្រាប ព្រមទាំងដកហូតយកសម្ភារៈល្បែងផងដែរ ព្រោះគាត់បានជួលហាងនោះទៅឱ្យជនជាតិចិន ដើម្បីរកស៊ីស្របច្បាប់ ពុំមែនជួលឱ្យប្រព្រឹត្តអំពើខុសច្បាប់បែបនេះទេ។

ប្រភពដដែល បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា និងចូលរួមដោយលោកហោ វាសនា អភិបាលរងខណ្ឌកំបូល លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌកំបូល លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល លោកអង តេង ចៅសង្កាត់រងទី១ សង្កាត់កន្ទោក លោក ប៉ក់ រ៉ាវ៉ុន សមាជិកក្រុមប្រឹក្សាសង្កាត់កន្ទោក លោកវរសេនីយ៍ត្រី ម៉េត គឹមសាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក និងលោកស្រីម្ចាស់ទីតាំងដីជួល បានចុះទៅត្រួតពិនិត្យនិងបង្ក្រាបតែម្តង។

ប្រភពខាងលើ បានឱ្យដឹងបន្តថា ខណៈនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានដកហូតសម្ភារៈពាក់ព័ន្ធនឹងល្បែងស៊ីសង រួមមាន តុបាការ៉ាត់ ចំនួន៨គ្រឿង ទូបាញ់ត្រី ចំនួន២គ្រឿង តុហ្គេមមូល ចំនួន១គ្រឿង បៀ មួយចំនួន កាក់លុយ មួយចំនួន កៅអី ចំនួន១០០ តុសរុបចំនួន ៥ ទូរទស្សន៍ ចំនួន១គ្រឿង កុំព្យូទ័រ ចំនួន១គ្រឿង ម៉ាស៊ីនត្រជាក់ ចំនួន៦គ្រឿង ទូទឹកកក និងទូដាក់ចាន ចំនួន២គ្រឿង ម៉ូនីទ័រ LCD ចំនួន២គ្រឿង បំពង់ពន្លត់អគ្គិភ័យ ចំនួន៤បំពង់ ម៉ាស៊ីនរាប់លុយ ចំនួន១គ្រឿង ធុងហ្គាស់ ចំនួន២ធុង (ធុងតូច១ និងធុងធំ១) ទូក្លាស្សេ ចំនួន ១គ្រឿង ឡាបូលាងចាន ចំនួន១ តុដាក់ម្ហូប ចំនួន១ ចង្ក្រានបាយ ចំនួន១ និងឆ្នាំងស៊ុប ចំនួន១។

ផ្អែកតាមការស្នើសុំរបស់លោកស្រី ម្ចាស់ទីតាំងដី គណៈបញ្ជាការឯកភាពខណ្ឌបានសម្រេចដកហូតសម្ភារៈដូចមានរៀបរាប់ ក្នុងកំណត់ហេតុខាងលើ មករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីស្នើសុំមតិដឹកនាំបន្តពីគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ និងចាត់ការតាមនីតិវិធី៕
