Thursday, May 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រុមហ៊ុនគូរប្លង់សំណង់ ភ្លើងឆេះ

 ក្រុមហ៊ុនគូរប្លង់សំណង់ ភ្លើងឆេះ

ភ្នំពេញ ៖ ការិយាល័យក្រុមហ៊ុនសំណង់ (ផ្នែកសិក្សាប្លង់) មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតសម្ភារៈជាច្រើន និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចការិយាល័យក្រុមហ៊ុនសំណង់ (ផ្នែកសិក្សាប្លង់) មួយកន្លែង ស្ថិតនៅផ្ទះល្វែងជាន់ទី៣ បុរីអូរ៉ូរ៉ា ស៊ីធី ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកើត គេឃើញភ្លើងឆាបឆេះពីជាន់ទី៣ នៃផ្ទះ ល្វែងខាងលើ យ៉ាងសន្ធោសន្ធៅ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក និងប្រជាពលរដ្ឋនៅក្បែរខាង នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយទាក់ទងបន្ត ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយធ្វើអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដែលប្រចាំការនៅតាមបណ្តាលគោលដៅ ឱ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញទីតាំង ដែលកើតមានគ្រោះអគ្គិភ័យនេះ។

ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅ ក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ រាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប។

ចំពោះប្រភេទសំណង់រងគ្រោះ គឺជាប្រភេទផ្ទះថ្មបេតុង ដំបូលស័ង្កសី ទំហំ ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ឆេះខូចខាតផ្ទះល្វែងជាន់ទី៣ ចំនួន១ល្វែង ខូចខាតប្រមាណ ៥០ភាគរយ និងឆេះខូចខាតកុំព្យូទ័រ ចំនួន៣គ្រឿង តុ កៅអី និងសម្ភារៈមួយចំនួនទៀត តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល។

គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES