ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកបើកបររថយន្ត បានបែកគំនិតធ្វើសកម្មភាពក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង រួចយករថយន្តទំនើប ១គ្រឿង របស់ថៅកែ ទៅដាក់បញ្ចាំ ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈាង ធីតា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបររ ថយន្ត មានលំនៅ ភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន របស់ចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
ជនត្រូវចោទ ឈ្មោះឈាង ធីតា មានសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់៣ឆ្នាំ ពីបទឆបោក ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង តាមបញ្ញត្តិមាត្រា៣៧៧ មាត្រា ៣៧៨ មាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

សាលក្រម បានបង្គាប់ឱ្យមនុស្ស ២នាក់ទៀត ម្នាក់ឈ្មោះស៊ាង គឹមអ៊ី និងឈ្មោះអ៊ុក ប៊ុនង៉ ជាមួយជនជាប់ ចោទ ឈ្មោះឈាង ធីតា រួមគ្នាសងប្រាក់ចំនួន ៤ម៉ឺន៥ពាន់ដុល្លារ និងជំងឺចិត្តចំនួន ៥ពាន់ដុល្លារ ឱ្យទៅដើមបណ្តឹងរដ្ឋប្បវេណី ពឈ្មោះជា រតនៈ ឯការទាមទារលើសពីនេះ ច្រាលចោល ។
បង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនឈ្មោះ ឈាង ធីតា តាមបញ្ញត្តិមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ ដើម្បីយកទៅអនុវត្តទោសតាមអំណាចសាលក្រមនេះ។

ជុំវិញអង្គហេតុពាក់ព័ន្ធការចាប់ខ្លួនតៃកុងឡាននោះ ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា នៅអំឡុងឆ្នាំ២០២៣ ជនសង្ស័យនិងបក្ខពួក ២នាក់ទៀត បានសមគំនិងគ្នាយករថយន្តទំនើបមួយគ្រឿង របស់ថៅកែ ក្លែងឯកសារទៅដាក់បញ្ចាំឱ្យឈ្មោះជា រតនៈ ខណៈអ្នកទទួលបញ្ចាំ មើលទៅស្មានតែឯកសារត្រឹមត្រូវ ក៏ប្រគល់ប្រាក់ ចំនួន ៤ម៉ឺន ៥ពាន់ដុល្លារ តាមការព្រមព្រៀងគ្នា។ លុះពេលបានប្រាក់ហើយ ជនសង្ស័យចេញទៅបាត់។ បន្ទាប់មកជនជាប់ចោទ បានប្រាប់ថៅកែថា ខ្លួនយករថយន្តទៅបញ្ចាំឱ្យឈ្មោះជា រតនៈ ពេលនោះថៅកែរថយន្ត បានប្តឹងអ្នកទទួលបញ្ចាំ ប៉ុន្តែដោយពិនិត្យលើឯកសារក្លែង អ្នកទទួលបញ្ចាំ បានប្តឹងតៃកុងឡានឈ្មោះឈាង ធីតា សមគំនិតជាមួយឈ្មោះស៊ាង គឹមអ៊ី និងឈ្មោះអ៊ុក ប៊ុនង៉ ពីបទឆបោក ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ទៅតាមផ្លូវច្បាប់។ ក្រោយមក ឈ្មោះស៊ាង គឹមអ៊ី និងឈ្មោះ អ៊ុក ប៊ុនង៉ ត្រូវបានសមត្តកិច្ចចាប់ខ្លួននិងឃុំខ្លួន ដាក់ពន្ធនាគារ ដើម្បីអនុវត្តទោសតាមអំណាចសាលក្រម៕