ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីននិងអាល្លឺម៉ង់នៅថ្ងៃចន្ទនេះបានថ្កោលទោសចំពោះការកាត់ក្បាលបុរសចំណាស់ជនជាតិអាល្លឺម៉ង់ម្នាក់ដែលត្រូវបានចាប់ខ្លួនធ្វើជាឈ្លើយសឹកដោយក្រុមសកម្មប្រយុទ្ធអាប៊ូសាយ៉ាសជាបក្សពួកអាយស៊ីសដែលបង្ហោះវីដេអូនៃការសម្លាប់នោះបន្ទាប់ពីពេលកំណត់នៃការយកប្រាក់មកលោះចំនួន៦០ម៉ឺនដុល្លារកន្លងផុតទៅ។
វីដេអូនោះបានបង្ហាញថាក្រុមសកម្មប្រយុទ្ធអាប៊ូសាយ៉ាសបានកាន់កាំបិតម្យ៉ាងដែលមានដងខ្លីផ្លែវែងមួយដើមនិងធ្វើការកាត់ក្បាលលោក Jurgen Kantner ។ បុរសជនជាតិអាល្លឺម៉ង់រូបនេះបានអំពាវនាវរកអ្នកជួយពីរដងតាមរយៈសារជាវីដេអូដ៏ខ្លីនោះ ដោយលោកនិយាយថាលោកនឹងត្រូវបានសម្លាប់ប្រសិនជាពុំមានប្រាក់មកលោះរូបលោកតាមចំនួនកំណត់ទេនោះ ។
ចំណែកលោក Jesus Dureza ប្រធានអ្នកសម្របសម្រួលនីតិវិធីស្វែងរកសន្តិភាពហ្វីលីពីនបានថ្លែងថាមន្ត្រីពាក់ព័ន្ធបានបញ្ចេញអស់សមត្ថភាពហើយនៅគ្រប់កិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះលោក Kantner ដែលមានវ័យ៧០ឆ្នាំហើយនោះ នៅតំបន់តូចមួយនៃកោះភាគខាងត្បូង Jolo ។
លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានសេចក្តីសោកសង្រេងចំពោះករណីនេះ ដោយយើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការកាត់ក្បាលចំណាប់ខ្មាំងដ៏សាហាវព្រៃផ្សៃនេះ ។ យើងចាំបាច់ត្រូវតែបញ្ឈប់ការសម្លាប់អ្នកដែលគ្មានទោសពៃនិងគ្មានទីពឹងបែបនេះ ។
ទោះជាយ៉ាងណាក្រុងប៊ែរឡាំងឯណោះវិញលោកស្រីអធិការបតី Angela Merkel បានអំពាវនាវឲ្យអន្តរជាតិចូលរួមប្រឈមមុខប្រឆាំងនិងភេរវកម្ម ហើយលោកស្រីថែមទាំងថ្កោលទោសយ៉ាងខ្លាំងចំពោះករណីនេះទៀតផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា