Thursday, May 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីផឹក ចោរ៧នាក់ ស្ទាក់វ៉ៃ.../ប្លន់ម៉ូតូ

ចេញពីផឹក ចោរ៧នាក់ ស្ទាក់វ៉ៃ…/ប្លន់ម៉ូតូ

ភ្នំពេញ ៖ យុវជន ១ក្រុម មានគ្នា ៦នាក់ ទើបនឹងចេញពីផឹកស៊ីវិញ ជិះម៉ូតូ​ ២គ្រឿង ដឹកគ្នាទៅផ្ទះ ស្រាប់តែលេខមុខជនសង្ស័យ ១ក្រុម មានគ្នា​ ៧នាក់ បានជិះម៉ូតូមកស្ទាក់ពីមុខ រួចចុះដេញវាយ ដោយចោទថា ឌឺដាក់ពួកគេ ធ្វើឱ្យជនរងគ្រោះភ័យ នាំគ្នារត់ចោលម៉ូតូ ក៏ត្រូវជនសង្ស័យជិះម៉ូតូរបស់ជនរងគ្រោះ ១គ្រឿង រត់គេចបាត់ភ្លាមៗ។

ករណីវាយប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ខាងក្រោយវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគេបានណាត់គ្នាទៅហូបអី នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ដោយពួកគេមានគ្នា ៥នាក់មកពីម្តុំព្រែកលៀប ហើយមកយកគ្នាម្នាក់ទៀត​ នៅម្តុំអ៊ីអន២ សរុបមានគ្នា ៦នាក់ ជិះម៉ូតូ ២គ្រឿង (ម៉ាកស៊ុយស៊ូគី និច ពណ៌ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ 1CS-1947 និងម៉ាកហុងដា ឌ្រីម សេ១២៥)។

យុវជនរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោងកើតហេតុ ពួកគេបាននាំគ្នាត្រឡប់មកវិញ ដោយជូនមិត្តម្នាក់ដែលស្នាក់នៅម្តុំអ៊ីអន២ ទៅផ្ទះវិញ។ ពេលមកដល់ផ្លូវបេតុងវត្តសំរោងអណ្តែត ស្រាប់តែឃើញជនសង្ស័យ ១ក្រុម មានគ្នា៧នាក់ ជិះម៉ូតូ ចំនួន៣គ្រឿង បានដេញនិងកាក់ម៉ូតូរបស់ពួកគេ ហើយស្រែកថា “ពួកឯងឌឺអី?” រួចក៏ទាញមួកសុវត្ថិភាពមកវាយ ព្រមទាំងយកដុំថ្មគប់ពួកគេទាំង៣នាក់ ដែលជិះលើម៉ូតូនិច បណ្តាលឱ្យដួលម៉ូតូ ហើយរត់ចោលម៉ូតូ។ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។

 ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ រួចនាំជនរងគ្រោះទៅសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីដាក់ពាក្យបណ្តឹង៕

RELATED ARTICLES