ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាជួញដូរនិងចែកចាយនូវសារធាតុញៀន ដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៥នាក់ ដោយដកហូតបានវត្ថុតាង ថ្នាំញៀន ជាង១០កញ្ចប់ ព្រមទាំងរថយន្ត ១គ្រឿង ជាមធ្យោបាយចែកចាយថ្នាំញៀន។

ប្រតិបត្តិការបង្ក្រាបករណីចែកចាយថ្នាំញៀននេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានព័ត៌មានពីកម្លាំងភ្នាក់ងារ លើករណីចែកចាយសារធាតុញៀន នៅស្រុកភ្នំស្រួច លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានគោរពរាយ ការណ៍និងទទួលបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំពីលោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿង ញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច បានបើកប្រតិបត្តិការស្រាវជ្រាវ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យ ចំនួន២នាក់ នៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ទី១-ឈ្មោះរឿង សុភារិទ្ធ ហៅរាជ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី២-ឈ្មោះ មាណ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ព្រមទាំងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់មធ្យម សង្ស័យជាគ្រឿងញៀន។

ប្រភពដដែល បន្តថា តាមចម្លើយរបស់ឈ្មោះរឿង សុភារិទ្ធ សមត្ថកិច្ចជំនាញបន្តស្រាវជ្រាវ និងឈានដលការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះសឹង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និងដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ សង្ស័យជាគ្រឿង ញៀន។
ប្រភពខាងលើ បញ្ជាក់ថា តាមចម្លើយរបស់ឈ្មោះសឹង សំណាង សមត្ថកិច្ចបន្តឃាត់ខ្លួនមុខសញ្ញា ២នាក់ទៀត នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច រួមមាន ទី១-ឈ្មោះប្រុស ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និងទី២-ឈ្មោះផែន ស្រីមុំ ភេទស្រី អាយុ៣៧ឆ្នាំ ភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៧កញ្ចប់ សង្ស័យគ្រឿងញៀន ថ្នាំគ្រាប់ពណ៌ផ្កាឈូក WY ១កញ្ចប់ (១៨គ្រាប់) ជញ្ជីងថ្លឹងថ្នាំញៀន ប្រភេទអេឡិចត្រូនិក ចំនួន១គ្រឿង ទូរស័ព្ទដៃ ចំនួន២គ្រឿង និងរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BV-1523។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនមុខសញ្ញា សរុបចំនួន៥នាក់ (ស្រី១) និងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូក WY ចំនួន១កញ្ចប់ (១៨គ្រាប់) ជញ្ជីងថ្លឹងថ្នាំញៀន ប្រភេទអេឡិចត្រូនិក ចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿង និងរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BV-1523។
ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕