ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញ ពិនិត្យឃើញមឹកស្រស់ ជាង ៣០គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ដាក់តាំងលក់នៅក្នុងផ្សារបឹងឈូក ក្រុងបាត់ដំបង។

មន្ត្រីជំនាញ បានឱ្យដឹងថា ការចុះតាមដានត្រួតពិនិត្យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រតិបត្តិការនវ មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រតួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានពិនិត្យទៅលើតូប ចំនួន១២ និងបានវិភាគរកសារធាតុគីមីហាមឃាត់លើ សំណាកចំនួន ១៩គំរូ ក្នុងនោះមានបង្គាស្រស់ ដៃមឹកយក្ស មឹកស្រស់ មឹករំដួល ប្រហិតសាច់គោ សាច់ប៉ាត់តេ រសៃគុយទាវ ស្ពៃជ្រក់ ជ្រក់ត្រសក់ស្រូវ ម៉ាំល្ហុង មីលឿង ពងទា ណែមសាច់ត្រី ណែមស្បែកជ្រូក សណ្តែកបណ្តុះ នំស្លឹកស្រស់ នំចាំង និងទឹកខ្មេះ ជាដើម។

លទ្ធផលនៃចុះការពិនិត្យ មន្ត្រីជំនាញបានសម្រេចដកហូតមឹកដៃយក្ស មឹករំដួល និងមឹកស្រស់ សរុបចំនួន ៣៤,៥គីឡូក្រាម បន្ទាប់ពីបានរកឃើញមានសារធាតុគីមីហាមឃាត់ បង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ អ្នកទទួលទាន យកទៅកម្ទេចចោល។

មន្ត្រីជំនាញ បានណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឬអាជីវករ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាម្ហូបអាហារដែលដាក់តាំងលក់លើទីផ្សារ ជាផលិតផលមានសុវត្ថិភាពដល់អតិថិជន៕