អាមេរិក៖ សេតវិមានបានបង្ហើបកាលពីថ្ងៃចន្ទថាលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្វែងរកបង្កើនខ្ទង់ចំណាយផ្នែកការពារជាតិសហរដ្ឋអាមេរិកប្រមាណជា១០%ឬស្មើនឹង៥៤ប៊ីលានដុល្លារ ។
មន្ត្រីបម្រើការនៅសេតវិមានឲ្យដឹងថាទំហំទឹកប្រាក់គ្រោងនឹងចាយវាយនេះនឹងជួយលើកស្ទួយក្នុងការកសាងកម្លាំងយោធាដែលអាចទទួលបានមកពីការកាត់បន្ថយយ៉ាងច្រើនមកពីស្ទើរតែគ្រប់ផ្នែកក្រៅពីវិស័យយោធារាប់បញ្ចូលជំនួយបរទេសនិងកម្មវិធីក្នុងស្រុកជាដើម ។
ចំណែកលោកដូណាល់ ត្រាំ បានថ្លែងនៅក្នុងជំនួបទ្វេភាគីនៃបណ្តាមេដឹករបស់សហរដ្ឋអាមេរិកនៅសេតវិមានកាលពីព្រឹកថ្ងៃច័ន្ទថា ថវិកានេះនឹងក្លាយជាថវិកាសន្តិសុខជាតិនិងសុវត្ថិភាពសាធារណៈមួយ ។
កាសែត Washington Time បានស្រង់សម្តីមន្ត្រីគ្រប់គ្រងថវិកាដែលសុំមិនបញ្ចេញឈ្មោះថា យើងនឹងបង្កើនសន្តិសុខហើយយើងនឹងបន្ថយកម្មវិធីអាទិភាពឲ្យមានកម្រិតតិចជាងមុន ។ ហេតុដូច្នេះបណ្តាទីភ្នាក់ងារសហព័ន្ធភាគច្រើននឹងមើលឃើញពីការកាត់បន្ថយបែបនេះតាមលទ្ធផលនេះ។
មួយវិញទៀតផែនការណ៍របស់លោកត្រាំក៏នឹងអំពាវនាវឲ្យមានការដំឡើងខ្ទង់ចាយវាយលើផ្នែកសន្តិសុខក្នុងស្រុក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ក្រសួងយុត្តិធម៌និងអង្គភាពអនុវត្តច្បាប់ទៀតផង ។
តែយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះជុំវិញព័ត៌មានលម្អិតមួយចំនួនដែលត្រូវបានផ្តល់ថាតើការកាត់បន្ថយនោះនឹងត្រូវបានធ្វើឡើងដោយរបៀបណា ហើយតើពេលណាវានឹងត្រូវបានអនុវត្ត គឺពុំទាន់បានដឹងច្បាស់លាស់នៅឡើយទេ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា