ខេត្តកណ្តាល ៖ ឃ្លាំងស្តុកកម្ទេចក្រដាស ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករ រត់ចែកជើងគ្នា ទាំងព្រលឹងចុងសក់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចឃ្លាំងស្តុកកម្ទេចក្រដាស ក្រុមហ៊ុន ម៉េង ហ្វឹង ភែកឃេជីង ខេមបូឌា ឯ.ក ស្ថិតក្នុងភូមិស្តុកវែង ឃុំម្កាក់ ស្រុកអង្គស្នួល។

យោងតាមប្រភពកម្មករដែលធ្វើការនៅឃ្លាំងកើហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានធ្វើការនៅក្នុងឃ្លាំងស្តុកកម្ទេចក្រដាស ក្រុមហ៊ុន ម៉េង ហ្វឹង ភែកឃេជីង ខេមបូឌា ឯ.ក ដូចសព្វដង ខណៈនោះក៏បានឮសំឡេងផ្ទុះ ចំនួន១ដង ចេញពីឃ្លាំង ហើយក៏ មានកម្មករជាច្រើននាក់ បានរត់ស្ទុះចេញទៅមើល ក៏បានឃើញមានផ្សែងហុយ និងមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅទៅហើយ។ ស្របពេលនោះ ពួកគាត់បាននាំគ្នាយកទុយោទឹក ជួយបាញ់ តែទប់ទល់មិនបាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ឱ្យចុះមកជួយ អន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យ ឆាបឆេះឃ្លាំងស្តុកកម្ទេចក្រដាស ភ្លាមៗលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគម ន៍ពន្លត់អគ្គិភ័យភ្លាមៗ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា ម្ចាស់ទីតាំងឃ្លាំងមានឈ្មោះ ទី សុភី ភេទស្រី អាយុ៣៨ឆ្នាំ មានលំនៅ ផ្ទះលេខ 36V ភូមិដំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំពោះសម្ភារៈខូចខាត រួមមាន ឃ្លាំងស្តុកកម្ទេចក្រដាស ចំនួន១ឃ្លាំង ទំហំ៦ម៉ែត្រ គុណនឹង ៥ម៉ែត្រ ធ្វើពីជញ្ជាំងថ្ម ប្រកស័ង្កសី និងម៉ាស៊ីនគ្រីបកម្ទេចក្រដាស ចំនួន១គ្រឿង។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរ បាលស្រុកអង្គស្នួល ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យក្រុងឧដ្គុងម៉ែជ័យ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យស្រុកសាមគ្គីមុនីជ័យ ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យម្ចាស់ទីតាំង ចំនួន១គ្រឿង សរុបទាំងអស់ប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន៤ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយភ្លើងបានរលត់ជាស្ថាពរ នៅវេលាម៉ោង១២និង០៥នាទី ថ្ងៃត្រង់ ថ្ងៃដដែល។ ចំពោះមូលហេតុសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ បណ្តាល មកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕