ខេត្តបាត់ដំបង ៖ លំនៅឋានដ៏ធំមួយខ្នង ត្រូវអគ្គិភ័យលេបត្របាក់អស់ ខណៈពេលដែលម្ចាស់ផ្ទះមិននៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល។

លំនៅឋានដែលរងការខូចខាត ធ្វើពីថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី មានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ មានម្ចាស់ឈ្មោះម៉ៅ ចាប ភេទប្រុស អាយុ៥៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលអគ្គិភ័យបានកើតឡើង គេឃើញផ្ទះខាងលើ បិទទ្វារទុកចោល តែគេមិនដឹងថា ម្ចាស់ផ្ទះនេះទៅណាទេ? លុះពេលផ្ទះ ត្រូវភ្លើងឆេះពេញបន្ទុកទៅហើយ ទើបឃើញម្ចាស់ផ្ទះ មកដល់ បានត្រឹមឈរសោកស្តាយប៉ុណ្ណោះ។

លោកសេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា ច្រកចូលទៅកាន់ទីតាំងកើតហេតុ មានស្ថាន ភាពតូចចង្អៀត មិនអាចឱ្យរថយន្តពន្លត់អគ្គិភ័យ ចូលជួយអន្តរាគមន៍បានទេ គឺរថយន្តបានត្រឹមបាញ់ទឹកជួយទប់ស្គាត់ពីចម្ងាយ ការពារមិនឱ្យឆេះរាលដាលប៉ុណ្ណោះ ដូច្នេះហើយទើបមិនអាចជួយសង្គ្រោះលំនៅឋានរង គ្រោះនោះបាន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច គ្រោះអគ្គិភ័យខាងលើ បានបង្កឱ្យខូចខាតផ្ទះខាងលើ ១ខ្នងទាំងស្រុង ទ្រព្យសម្បត្តិទាំងអស់ នៅក្នុងផ្ទះ រួមទាំងប្រាក់ ចំនួនជិត១លានរៀល។ រីឯឯកសារគ្រួសារ ក៏ត្រូវព្រះអគ្គីលេប ត្របាក់ទាំងអស់ដែរ។ សរុបទឹកប្រាក់ ខាតបង់ប្រមាណ ១៤លានរៀល។

លោកសេង លុច អធិការស្រុកថ្មគោល បានស្រង់សម្តីម្ចាស់ផ្ទះ និងអ្នកជិតខាង រួមទាំងការចុះពិនិត្យជាក់ស្តែងរបស់មន្ត្រីជំនាញផង បានធ្វើការសន្និដ្ឋានបឋមថា អគ្គិភ័យនេះ ទំនងអាចបណ្តាលមកពីការទុស្សេចរន្តអគ្គិសនី ដែលម្ចាស់ផ្ទះ ពុំបានត្រូតពិនិត្យត្រឹមត្រូវ មុនពេលចាកចេញពីផ្ទះ៕
