ភ្នំពេញ ៖ រថយន្ត ១គ្រឿង ដឹកប្រេងខ្មៅ ជាច្រើនធុង ខណៈកំពុងបើកបរលឿន ស្រាប់តែវាក់ជាមួយរថយន្តច្រើនគ្រឿងកំពុងឈប់រង់ចាំឆ្លងផ្លូវនៅខាងមុខ ហើយបុរសអ្នកបើកបរ បានកាច់ចង្កូតគេចចេញទៅខាងឆ្វេងដៃ ឡើងលើខឿនចិញ្ចើមផ្លូវ ជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យបាក់អស់ ១ប្រឡោះ ត្រូវម្ចាស់ផ្ទះទារសំណង ចំនួន៣ពាន់ដុល្លារ តែក្រោយពីការសម្របសម្រួល ក៏ត្រូវរ៉ូវគ្នា និងបញ្ចប់រឿងត្រឹម ៨០០ ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង កែងមហាវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។រថយន្តបង្កហេតុ ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-7329 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ តែជាកម្មសិទ្ធិរបស់ឈ្មោះអ៊ិន ឡេង ភេទប្រុស អាយុ៦៥ឆ្នាំ មានលំនៅ ផ្ទះ៣២១ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ធី ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលរថយន្តជាច្រើនគ្រឿង កំពុងឈប់រង់ចាំឆ្លងមហាវិថីឈ្នះ-ឈ្នះ នៅត្រង់ចំណុចកើតហេតុនោះ ស្រាប់តែរថយន្តដឹកប្រេងខ្មៅ ១គ្រឿងខាងលើ បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ ចាប់ហ្វ្រាំងមិនទាន់ ក៏ត្រូវអ្នកបើក បរព្យាយាមគេចចង្កូតចេញពីយានយន្តនៅលើដងផ្លូវ ធ្វើឱ្យជ្រុលទៅខាងឆ្វេងដៃ ឡើងលើខឿនផ្លូវ បុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ បាក់អស់១ប្រឡោះ ហើយរថយន្តនោះបានខូចខាតធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ករណីនេះ ពុំបានបណ្តាលឱ្យមានមនុស្សរងគ្រោះនោះទេ គ្រាន់តែខូចខាតផ្ទះ និងក្រពឹតមុខរថយន្តប៉ុណ្ណោះ ហើយអ្នកបើកបរ អះអាងថា ពេលវាក់ជាមួយរថយន្តខាងមុខ ខ្លួនជាន់ហ្វ្រាំងមិនស៊ី ទើបកាច់ចង្កូតគេចចេញ ហើយជ្រុលទៅបុកផ្ទះខាងលើនោះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការវាស់វែង ហើយឱ្យភាគីទាំង២ សម្របសម្រួលគ្នា ដោយដំបូង ម្ចាស់ផ្ទះបានទារសំណងចំនួន៣ពាន់ដុល្លារ។ ប៉ុន្តែម្ចាស់រថយន្តបានចចារគ្នា ក្រោយមកក៏ត្រូវរ៉ូវគ្នាត្រឹម ៨០០ដុល្លារ និងបានបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕


