Thursday, May 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំដើរជាមួយមិត្តភក្តិ បា.../ត់៣ថ្ងៃ ម៉ែឪប្តឹងប៉ូលិស

កូនក្រមុំដើរជាមួយមិត្តភក្តិ បា…/ត់៣ថ្ងៃ ម៉ែឪប្តឹងប៉ូលិស

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ជាកម្មការិនីរោងចក្រ ត្រូវបានមិត្តភក្តិធ្លាប់ធ្វើការជាមួយគ្នាម្នាក់ បានមកលេងដល់បន្ទប់ រួចបបួលចេញទៅដើរលេង ស្រាប់តែបាត់ខ្លួន អស់៣ថ្ងៃ ទាក់ទងទូរស័ព្ទក៏មិនចូល ទើបធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏សម្រេចកាន់ រូបថតកូន មកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថ កិច្ច។

យុវតីដែលបាត់ខ្លួន មានឈ្មោះឈីម សុខណា អាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ យុវតីរូបនេះ បានចាកចេញពីផ្ទះ ទៅដើរលេងជាមួយមិត្តភក្តិ តាំងពីវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ រហូតមកដល់ព្រឹក ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥ នៅតែមិនទាន់ឃើញត្រឡប់មកផ្ទះវិញ ទើបឪពុកម្តាយសម្រេចចិត្តកាន់រូបថត និងកាតការងាររបស់កូនស្រី ១សន្លឹក ធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដាក់ពាក្យប្តឹង ដើម្បីសុំឱ្យសមត្ថ កិច្ចជួយស្រាវជ្រាវរកកូនស្រីរូបនោះ ឱ្យត្រលប់មកផ្ទះវិញ។

តាមសម្តីបុរសឈ្មោះយឺន ឈីម អាយុ៤៤ឆ្នាំ មុខរបរសន្តិសុខឯកជន និងប្រពន្ធឈ្មោះ គង់ ចាន់ធី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ត្រូវជាឪពុកម្តាយបង្កើតរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា ពួក គាត់មានកូនស្រី២នាក់ និងកូនប្រុសម្នាក់ ចំណែកកូនស្រីឈ្មោះឈីម សុខណា ដែលបាត់ខ្លួននោះ គឺជាកូនច្បងក្នុងគ្រួសារ។ កូនស្រីរបស់គាត់ បានបាត់ខ្លួនដោយគ្មានដំណឹងសូន្យឈឹង រយៈពេល ៣ថ្ងៃមកហើយ គឺចាប់តាំងតែពីវេលាយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មកម៉្លេះ ក្រោយពេលនាងចេញទៅដើលេងជាមួយមិត្តភក្តិស្រីម្នាក់ ដែលបានមកបបួលកូនស្រីគាត់ដល់បន្ទប់ជួល។

ឪពុកម្តាយយុវតីខាងលើ បានបញ្ជាក់ថា កាលពីមុន មិត្តភក្តិស្រីម្នាក់នោះ និងកូនស្រីគាត់ ធ្លាប់ធ្វើការរោងចក្រជាមួយគ្នា ប៉ុន្តែក្រោយមក ស្ត្រីម្នាក់នោះ បានឈប់ធ្វើការ ហើយឈប់យូរមកហើយ ដោយពួកគាត់ពុំដឹងថា សព្វថ្ងៃមិត្តភក្តិកូនស្រីគាត់នោះ ទៅធ្វើការនិងស្នាក់នៅទីណានោះទេ។ ទើបតែមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ លេចមុខមិត្តភក្តិនោះ មកលេងកូនស្រីគាត់ ដល់បន្ទប់ជួល រួចបានបបួលកូនស្រីគាត់ ទៅដើរលេង ខណៈនោះ គាត់ក៏បានឱ្យកូនស្រីទៅជាមួយ ព្រោះមិននឹកស្មានថា មានរឿងបែបនេះកើតឡើងទេ។

ក្រោយពេលចាកចេញពីផ្ទះទៅ រហូតដល់វេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃដដែល ដោយមិនឃើញកូនស្រីត្រលប់មកផ្ទះវិញ ពួកគាត់បានទូរស័ព្ទទៅរកកូនស្រី ដើម្បីហៅឱ្យត្រលប់មកផ្ទះវិញ  ប៉ុន្តែពេលទូរស័ព្ទចូល បែរជាមិត្តភក្តិស្រីម្នាក់នោះជាអ្នកទទួលជំនួស ដោយពុំដឹងថា កូនស្រីគាត់នៅជិតនោះដែរឬក៏អត់ទេ តែស្ត្រីជាមិត្តភក្តិនោះ បាននិយាយជាមួយគាត់ថា “សុខណា ដេកលក់ហើយ ខ្ញុំសុំឱ្យសុខណា សម្រាកនៅបន្ទប់ខ្ញុំរបស់ ១យប់សិនទៅ”។ ពេលនោះ គាត់បានប្រាប់ទៅមិត្តភក្តិកូនស្រីនោះវិញថា “បើដេកនៅកន្លែងហ្នឹងក៏ដេកចុះ ប៉ុន្តែព្រឹកឡើង សូមឱ្យនាងត្រលប់មកផ្ទះ ទៅធ្វើការផង” បន្ទាប់មកគាត់ក៏បិទទូរស័ព្ទ ហើយដេករហូតដល់ភ្លឺ។ ស្រាប់តែលុះព្រឹកឡើង ក៏នៅតែមិនបានឃើញកូនស្រីត្រលប់មកផ្ទះវិញទៀត ទើបគាត់ទូរស័ព្ទទៅរកម្តងទៀត បែរជាទូរស័ព្ទលែងចូលរហូតតែម្តង។

ក្រោយមក ពួកគាត់២នាក់ប្តីប្រពន្ធ បាននាំគ្នាតាមស្វែងរកកូនស្រីគ្រប់ច្រកល្ហក និងទីកន្លែងដែលកូនធ្លាប់ទៅ ប៉ុន្តែរកពុំឃើញឡើយ ទើបធ្វើឱ្យពួគគាត់មានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ណាមួយយល់ថា មិត្តភក្តិកូនស្រីគាត់នោះ មានសមាសភាពមិនសូវល្អផង  ទើបនៅវេលា ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ពួកគាត់បានទៅដាក់ពាក្យប្តឹងសុំឱ្យនគរបាលជួយធ្វើការស្រាវជ្រាវរកកូនស្រីឱ្យត្រលប់មកផ្ទះវិញ៕

RELATED ARTICLES