វៀតណាម៖ បណ្តាញព័ត៌មានបរទេសផ្សាយថាព្រះចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសី Michiko បានមកដល់ប្រទេសវៀតណាមក្នុងដំណើរយាងទស្សនកិច្ចមួយ ក្នុងអំឡុងពេលនោះដែរព្រះអង្គនឹងជួបជាមួយនិងភរិយារបស់អតីតទាហានជប៉ុនដែលបានបោះបង់ចោលពីសម័យសង្គ្រាមលោកលើកទី២ផងដែរ។
តាមដែលគេដឹងមកថាព្រះចៅអធិរាជដែលមានព្រះជន្ម៨៣វស្សារូបនេះបានយាងដល់រដ្ឋធានីហាណូយរបស់វៀតណាមនៅថ្ងៃអង្គារនេះដែលជាដំណើរទស្សនកិច្ចលើកដំបូងពុំធ្លាប់មានពីមុនមករបស់ស្តេចជប៉ុនក្នុងប្រទេសនេះ ។ ព្រះអង្គនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដោយកម្រាលព្រំពណ៌ក្រហមចាំទទួលដោយប្រធានាធិបតីវៀតណាមលោក Tran Dai Quang ។
ក្នុងអំឡុងពេលយាងទស្សនកិច្ចរយៈពេល៦ថ្ងៃនេះ ព្រះចៅអធិរាជជប៉ុនបានកំណត់កាលបរិច្ឆេទជួបជាមួយនិងបណ្តាស្រី្តមេម៉ាយដែលនៅរស់រានមានជីវិតនិងសមាជិកក្រុមគ្រួសារនៃទាហានជំនាន់មុនរបស់ជប៉ុនជាច្រើននាក់ទៀតផង ។
ថ្វីត្បិតតែទំនាក់ទំនងជប៉ុននិងវៀតណាមហាក់មានឧបសគ្គច្រើនយ៉ាងណាក្តីកាលពីអតីតកាល ក៏ភាគីទាំងពីរបានធ្វើឲ្យប្រសើរឡើងនូវចំណងទំនាក់ទំនងយ៉ាងរឹងមាំផងដែរនាពេលបច្ចុប្បន្ន ។ ជាក់ស្តែងជប៉ុនគឺជាអ្នកផ្តល់ជំនួយបរទេសធំជាងគេបំផុតរបស់វៀតណាមហើយក៏ស្ថិតក្នុងចំណោមវិនិយោគិននិងដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួនទៀតផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា