ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានចេញទៅហូបបាយឆា រួចជួបជាមួយនារីម្នាក់ ធ្លាប់ស្គាល់គ្នា ក៏បបួលដាក់ ១យួរ ក៏ទៅផឹកស៊ីនៅហាងដែលនាងធ្វើការ ស្រាប់តែផឹកស្រវឹង សង្ស័យត្រូវថ្នាំសណ្តំក្នុងស្រាបៀរ ត្រូវជនសង្ស័យនាំទៅកន្លែងស្ងាត់ ព្រួតវាយប្លន់ម៉ូតូ ១គ្រឿង លុយ ទូរស័ព្ទ អស់ពីខ្លួន។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅម្តុំសួនឆ្នាំង ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
បុរសរងគ្រោះ មានឈ្មោះនុត វ៉ាន់ណេត អាយុ៤២ឆ្នាំ ជាមន្ត្រីរាជការ មានលំនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។
តាមសម្តីរបស់ស្ត្រីឈ្មោះខុង រ៉ាឌីន អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅថ្ងៃកើតហេតុ ប្តីគាត់បានមកប្រចាំការនៅខេត្តកំពង់ឆ្នាំង។ លុះម៉ោងប្រមាណជាង១១យប់ គាត់បានទទួលព័ត៌មានពីក្រុមការងារប្រាប់ថា ប្តីគាត់ត្រូវគេវ៉ៃប្លន់ម៉ូតូ និងសម្ភារៈ អស់ពីខ្លួន និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ក្រោយពេលមកដល់ ជួបប្តីគាត់ គឺឃើញមានរងរបួសពេញផ្ទៃមុខ និងនិយាយស្តីរវើរវាយ សូម្បីតែរូបគាត់ជាប្រពន្ធ ក៏ប្តីមិនស្គាល់ផង ដោយគ្រូពេទ្យបញ្ជាក់ថា ប្តីរបស់គាត់ត្រូវថ្នាំសណ្តំខ្លាំងណាស់។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបន្តថា លុះមកដល់ព្រឹកថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៥ ប្តីគាត់ហាក់មានអារម្មណ៍ដឹងខ្លួនខ្លះៗ និងបានប្រាប់ថា នៅល្ងាចថ្ងៃកើតហេតុ ក្រោយពីហូបបាយរួចសម្រាកបន្តិច លុះម៉ោង៩យប់ ហាក់ អស់កម្លាំង គាត់ក៏បានជិះម៉ូតូ ១គ្រឿង ទៅហូបបាយឆានៅសួនឆ្នាំង ក្នុងភូមិទួលក្រឡាញ់។ លុះពេលកំពុងហូបបាយឆា ក៏បានជួបនារីម្នាក់ដែលធ្លាប់ស្គាល់គ្នា ព្រោះនាងតែងតែទៅហូបសាច់គោអាំង បុកល្ហុង នៅផ្ទះរបស់គាត់ ឯភូមិក្បាលដំរី ឃុំត្រពាំងចាន់ (ផ្ទះគាត់ជាអ្នកលក់បុកល្ហុងសាច់គោអាំងនិងភេសជ្ជៈ) ហើយពេលស្គាល់គ្នាជាមួយប្តីគាត់ នាងបានប្រាប់ថា នាងជាអ្នកបម្រើការងារនៅហាងផឹកស៊ីយីហោ សម្រស់កំពង់ឆ្នាំង ។

ស្ត្រីជាប្រពន្ធ បានឱ្យដឹងបន្តថា ប្តីគាត់បានប្រាប់ទៀតថា នៅពេលជួបគ្នាជាមួយនារីដែលអះអាងថា ជាបម្រើការនៅហាងផឹកស៊ី សម្រស់កំពង់ឆ្នាំង រួចក៏បានបបួលប្តីគាត់ដាក់១យួរ (ផឹកស្រាបៀរ មួយយួរ)។ ពេលផឹកស៊ី មានតែពីរនាក់ទេ ស្រាប់តែប្តីគាត់ផឹកបានបន្តិច ប្តីគាត់មានអាការដូចជាត្រូវថ្នាំ រំពេចនោះ ស្រាប់តែមានម៉ូតូ២ ទៅ៣គ្រឿង បានមកព័ទ្ធនិងចាប់វាយប្តីគាត់ យករបស់របរពីប្តីគាត់អស់រលីងពីខ្លួន។ ក្រោយមក ប្តីគាត់បានដើរមកដល់មុខស្ថានីយប្រេងសូគីម៉ិច នៅភូមិទួលក្រឡាញ់ ហើយត្រូវក្រុមល្បាតឃើញនិងស្គាល់ ក៏បានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ហើយក៏ផ្តល់ដំណឹងទៅគាត់ជាប្រពន្ធតែម្តង។
ចំពោះសម្ភារបាត់បង់ រួមមាន លុយ ៨ម៉ឺនរៀល ទូរស័ព្ទម៉ាក Oppo តម្លៃ៣២០ដុល្លារ មួយគ្រឿង អាយកូម ១គ្រឿង និងម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M-7512 មួយគ្រឿង។

តាមប្រភពសមត្ថកិច្ចុ បានឱ្យដឹងថា រហូតមកដល់វេលាម៉ោង១២ថ្ងៃត្រង់នេះ នៅមិនទាន់បានទទួលព័ត៌មានជាក់លាក់ពីកន្លែងកើតហេតុនៅឡើយទេ តែមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះអង្គុយផឹកស៊ីជាមួយនារីម្នាក់ នៅសួនច្បារនិមិត្តសញ្ញាឆ្នាំង ប្រាកដមែន។
ទោះយ៉ាងនេះក្តី សមត្ថកិច្ចបានសុំពេលវេលាដើម្បីពិនិត្យកាមេរ៉ាសុវត្ថិភាពសិន ព្រោះតាមការសង្ស័យរបស់សមត្ថកិច្ច សកម្មភាពវាយយកម៉ូតូ និងរបស់របរពីជនរងគ្រោះ មិនអាចធ្វើនៅកន្លែងផឹកស៊ីនោះបានទេ ព្រោះមានមនុស្សច្រើន តែអាចសង្ស័យជនរងគ្រោះ ក្នុងពេលផឹកស៊ីត្រូវថ្នាំសណ្តំរបស់ក្រុមជនសង្ស័យ ដាក់ក្នុងស្រាបៀរ ហើយក្រុមជនសង្ស័យដឹកយកទៅធ្វើកម្មភាពវាយប្លន់នៅកន្លែងផ្សេង៕