ខេត្តកណ្តាល ៖ រថយន្ត Lexus LX-470 មួយគ្រឿង បានខូចគាំងនៅលើផ្លូវក្រវាត់ក្រុង បន្ទាប់មក មានរថយន្ត ១គ្រឿងទៀត បានមកឈប់ចតពីក្រោយ ដើម្បីជួយជួសជុល ស្រាប់តែក្រោយមក មានរថយន្តទំនើប ១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលមកបុកពីក្រោយ ពេញទំហឹង បណ្តាលឱ្យផ្ទុះឆេះរថយន្តទាំង៣គ្រឿង ខូចខាតអស់ទាំងស្រុង និងផ្អើលដល់សមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង មកជួយបាញ់ទឹកពន្លត់។

ហេតុការណ៍ភ្លើគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យឆេះរថយន្ត ៣គ្រឿងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង២៥នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ (មហាវិថីស៊ីជីនពីង) ត្រង់ចំណុចគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល ៤និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ មានរថយន្ត ១គ្រឿង ម៉ាក Lexus LX-470 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2B-1887 បានខូច គាំងនៅលើផ្លូវក្រវាត់ក្រុងទី៣ (មហាវិថីស៊ីជីនពីង) ទិសដៅពីកើត ទៅលិច តែមិនឃើញម្ចាស់ទេ។ បន្ទាប់មក មានរថយន្ត ១គ្រឿងទៀត ម៉ាកស្តារិច ពណ៌ស បានបើកមកឈប់ចតពីក្រោយ ដើម្បីជួសជុលរថយន្តខាងមុខ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ៨និង២៥នាទីយប់ ថ្ងៃដដែលនោះ ស្រាប់តែមានរថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-2558 បើកបរស្របទិសគ្នា បានជ្រុលមកបុកពីក្រោយរថយន្តស្តារិច ធ្វើឱ្យរថយន្តស្តារិច ជ្រុលបុករថយន្ត Lexus LX-470 បន្តទៀត កៀបជាប់គ្នាទាំង៣គ្រឿង រួចក៏ផ្ទុះឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន៣គ្រឿង ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ រហូតដល់រលត់ជាស្ថាពរ តែរថយន្តទាំង៣គ្រឿង បានខូចខាតអស់ទាំងស្រុងទៅហើយ ក្នុងនោះ រថយន្តទំនើប TOYOTA ALPHARD និងរថយន្តស្តារិច ត្រូវភ្លើងឆេះហ្មត់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែក ចំណែករថយន្ត Lexus LX-470 ឆេះខូចខាត ១កំណាត់ក្រោយទាំងស្រុង៕


