ខេត្តសៀមរាប ៖ បុរសជាជនបរទេស វ័យចំណាស់ម្នាក់ បានបើកបររថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន រួចរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងារជើង ទាំងកណ្តាលយប់ និងបង្កឱ្យអ្នកបើកបរ រងរបួសថ្ងាស ហូរឈាម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងសៀមរាប ត្រង់ខាងលិច Art Box ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយ ដង្គុំ ក្រុងសៀមរាប។
រថយន្តទំនើបដែលក្រឡាប់ ម៉ាក JEEP ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BH-0707 បើកបរដោយជនបរទេសវ័យចំណាស់ម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ (រងរបួសត្រង់ថ្ងាស)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក JEEP ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BH-0707 បើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើត ហតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម បណ្តាលឱ្យបាក់ ចំណែករថយន្តបានក្រឡាប់ផ្ងារជើងទ្រមេឃតែម្តង។
ក្រោយកើតហេតុ គេឃើញបុរសចំណាស់ជាជនបរទេសម្នាក់ បានលូនចេញពីក្នុងរថយន្ត ក្នុងសភាពមានស្នាមរបួសត្រង់ថ្ងាសហូរឈាម។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាត់បញ្ជូនជនរងគ្រោះជាអ្នកបើកបររថយន្តទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចស្ទូចយកទៅរក្សាទុករង់ ចាំដោះស្រាយនៅពេលក្រោយ៕