ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ បានស្កាត់ទៅរកទិញថ្នាំញៀន យកមកប្រើប្រាស់ លុះទិញបានថ្នាំញៀន ចំនួន២ កញ្ចប់ លាក់ក្នុងអាវទ្រនាប់ នៅតែគេចមិនផុតពីភ្នែកសមត្ថកិច្ច មានការសង្ស័យ ឆែកឃើញ ក៏ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលំ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម។
ស្ត្រីសង្ស័យដែលលាក់ថ្នាំញៀនក្នុងអាវទ្រនាប់ មានឈ្មោះប៊ុន ង៉ា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងអន្តរាគមន៍ស្រុកល្វាឯម បានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ប្រទះឃើញស្ត្រីសង្ស័យឈ្មោះប៊ុន ង៉ា ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានឃាត់ឆែកឆេររកឃើញថ្នាំញៀន ចំនួន២កញ្ចប់តូច និងកែវសម្រាប់ជក់ថ្នាំញៀន ចំនួន០១ ដាក់ក្នុងអាវទ្រនាប់ ពេលនោះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងថ្នាំញៀន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះប៊ុន ង៉ា បានឆ្លើយសារភាពថា កន្លងមក ខ្លួនតែងតែឆ្លងដផ្លូវត្រី នៅភូមិផ្លូវត្រី ឃុំថ្មគរ ទៅកៀនស្វាយ ដើម្បីជិះឡានឈ្នួល ទៅទិញថ្នាំញៀន (ម៉ាទឹកកក) នៅម្តុំច្រាំងបាក់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់ ដោយទិញម្តងៗ តម្លៃ ចាប់ពី៧ម៉ឺន ទៅ៨ម៉ឺនរៀល។

លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខ្លួនបានឆ្លងដផ្លូវត្រី រួចជិះឡានឈ្នួល ទៅច្បារអំពៅ ម្តុំច្រាំងបាក់ ដើម្បីទិញថ្នាំញៀន ពេលទៅដល់ច្បារអំពៅ ក៏ចុះពីឡានឈ្នួល ដើរទៅម្តុំច្រាំងបាក់ ដើម្បីទិញថ្នាំញៀន បានចំនួន ២កញ្ចប់តូច ក្នុងតម្លៃ ៦ម៉ឺនរៀល ពេលទិញបានហើយ អ្នកលក់បានឱ្យកែវសម្រាប់ជក់ និងរំលែកថ្នាំញៀនខ្លះ ឱ្យខ្លួនប្រើប្រាស់នៅទីនោះ ពេលប្រើប្រាស់រួចហើយ នាងបានយកថ្នាំញៀន (ម៉ាទឹកកក) និងកែវសម្រាប់ជក់ថ្នាំញៀន ដាក់ចូលក្នុងអាវទ្រនាប់ រួចជិះឡានឈ្នួល ត្រឡប់មកវិញ ពេលឆ្លងដផ្លូវត្រី ដល់ត្រើយម្ខាងស្រុកល្វាឯម ក៏ត្រូវសមត្ថកិច្ចឃាត់សាកសួរ និងឆែកឆេរឃើញថ្នាំញៀនចំនួន២កញ្ចប់ និងកែវសម្រាប់ជក់ ចំនួន១ ។
ស្ត្រីសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕