Saturday, May 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម២៦២០ដុល្លារ ចូលក្របខ័ណ្ឌប៉ូលិស មិនបានសម្រេច ជា.../ប់ខ្នោះស្ត្រីអ្នករត់ការ

២៦២០ដុល្លារ ចូលក្របខ័ណ្ឌប៉ូលិស មិនបានសម្រេច ជា…/ប់ខ្នោះស្ត្រីអ្នករត់ការ

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចាប់ខ្លួនស្ត្រីម្នាក់ ករណីឆបោកប្រាក់ប្រមាណជិត ៣ពាន់ដុល្លារ ពីជនរងគ្រោះម្នាក់ ដោយធានារត់ការឲ្យកូនរបស់ជនរងគ្រោះ ចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ក្នុងឆ្នាំ២០២៥ ដោយមិនចាំបាច់ប្រឡង។

ការចាប់ឃាត់ខ្លួនស្ត្រីសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ស្ត្រីសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះសុង សោភ័ណ្ឌ ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ការចាប់ខ្លួនស្ត្រីខាងលើ ធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះឈឿន ឈុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិអម្ពិល ឃុំអម្ពិលប្រាំដើម ស្រុកបរវេល ខេត្តបាត់ដំបង ដោយជនសង្ស័យបានប្រព្រឹត្តកាលពី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ និង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងលើ ដោយយកប្រាក់ពីជនរងគ្រោះ ចំនួន២៦២០ដុល្លារ ដើម្បីរត់ការយកឈ្មោះកូនរបស់ជនរងគ្រោះ ចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ក្នុងឆ្នាំ២០២៥ ដោយមិនចាំបាច់ប្រឡង ទាំងដែលក្រសួង មហាផ្ទៃ មិនមានជ្រើសរើសមន្ត្រីនគរបាលជាតិថ្មី ក្នុងឆ្នាំ២០២៥ ឡើយ ទើបដឹងខ្លួនថាចាញ់បោកស្ត្រីខាងលើ ក៏ដាក់ ពាក្យប្តឹងតែម្តង។

ប្រភពដដែល បន្តថា ក្រោយឃាត់ខ្លួនស្ត្រីខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ១-បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីនគបាល ឆ្នាំ២០២៥ ចំនួន២សន្លឹក។ ២-លិខិតស្នើសុំចូលក្របខ័ណ្ឌមន្ត្រីនគបាលជាតិ ចំនួន១សន្លឹក។ ៣-លិខិតធានាឪពុកម្តាយ ឬអាណាព្យាបាល ចំនួន៣សន្លឹក។ ៤-ពាក្យស្នើសុំ ចំនួន៨សន្លឹក។ ៥-ពាក្យសុំចូលបម្រើការងារក្នុងក្រសួងមហាផ្ទៃ ចំនួន១សន្លឹក។ ៦-លិខិតធានា ចំនួន ១សន្លឹក។ ៧-លិខិតបញ្ជាក់ ចំនួន ១សន្លឹក។ ៨-លិខិតបញ្ជាក់កិរិយាមារយាទ ចំនួន ១សន្លឹក។ ៩-វិញ្ញាបនបត្របណ្តោះ អាសន្នមធ្យមសិក្សាទុតិយភូមិ ចំនួន១សន្លឹក។ ១០-អត្តសញ្ញាណប័ណ្ណចម្លង ចំនួន១សន្លឹក។ ១១-សៀវភៅគ្រួសារចម្លង ចំនួន១សន្លឹក។ ១២-ទូរស័ព្ទដៃ ចំនួន១ គ្រឿង ម៉ាក SAMSUNG។ ១៣-ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូង ពណ៌ស ចំនួន២វង់។ ១៤-ផ្លាកដៃ លោហធាតុពណ៌លឿង ចំនួន១ខ្សែ។ ១៥-ខ្សែដៃលោហធាតុ ពណ៌លឿង ដាំត្បូងពណ៌ស ចំនួន១ខ្សែ។ ១៦-ខ្សែកលោហធាតុពណ៌លឿង ដាំត្បូងពណ៌ស ចំនួន១ខ្សែ។ ១៧-ក្រវិលដាំត្បូងពណ៌ស ចំនួន១គូ។ ១៨-ប្រាក់ ២៥០០ដុល្លារ។ ១៩-រថយន្ត ១គ្រឿង ម៉ាក Lexus NX-200t ពណ៌ប្រផេះ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 2BS-9510។

ស្ត្រីសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES