UN៖ រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃអង្គារនេះបានប្រើសិទ្ធិវេតូទី៧របស់ខ្លួនការពាររដ្ឋាភិបាលស៊ីរីពីសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរារាំងមហាអំណាចលោកខាងលិចមិនឲ្យដាក់ទណ្ឌកម្មលើប្រទេសនេះ ក្រោមការចោទប្រកាន់ថាស៊ីរីវាយប្រហារដោយប្រើអាវុធគីមីក្នុងអំឡុងពេលផ្ទុះជម្លោះរយៈពេល៦ឆ្នាំមកដល់បច្ចុប្បន្ន ។
ជាមួយគ្នានោះដែរចិនបានគាំទ្ររុស្ស៊ីនិងប្រើសិទ្ធិវេតូទី៦របស់ខ្លួនគាំទ្ររដ្ឋាភិបាលស៊ីរីផងដែរ ។ រុស្ស៊ីបានថ្លែងថាការបោះឆ្នោតគាំទ្រសេចក្តីសម្រេចដែលត្រូវបានធ្វើពង្រាងដោយរដ្ឋាភិបាលបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងបំផ្លាញនូវកិច្ចចរចាសន្តិភាពរវាងភាគីពាក់ព័ន្ធក្នុងទីក្រុងហ្សឺណែវដឹកនាំដោយអង្គការសហប្រជាជាតិនិងបានចាប់ផ្តើមឡើងកាលពីសប្តាហ៍មុននោះជាមិនខាន ។
សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន៩បានបោះឆ្នោតយល់ស្រប បូឡាវីបោះប្រឆាំង ខណៈអេហ្ស៊ីប អេចូពី និងកាហ្សាក់ស្ថានបោះអនុបវាទ ។ សេចក្តីព្រាងនៃសេចក្តីសម្រេចខាងលើនេះដែរត្រូវការសំឡេងគាំទ្រ៩ ហើយក៏ពុំមានការបោះឆ្នោតយល់ព្រមពីសំណាក់សហរដ្ឋអាមេរិក បារាំង រុស្ស៊ី ចក្រភពអង់គ្លេស ឬចិនឡើយ ។
គួររំលឹកថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពិពណ៌នាថាសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះជារឿងមិនសមគួរឡើយ ។ ទន្ទឹមនិងនេះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Nikki Haley បានថ្លែងប្រាប់ក្រុមប្រឹក្សាក្រោយការបោះឆ្នោតថាសម្រាប់មិត្តរបស់ខ្ញុំរុស្ស៊ី ការសម្រេចបែបនេះគឺសមស្របបំផុត។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា