សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្កុតត៍ បេសសានថ៍ (Scott Bessant) និយាយថា សហរដ្ឋអាមេរិក ទំនងជានឹងយកពន្ធក្នុងតំបន់ ជំនួសឱ្យការកំណត់ពន្ធដាច់ដោយឡែកសម្រាប់ប្រទេសជា ច្រើន ខណៈពេលវេលាអស់ហើយ សម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានាលើពិភពលោក។

តាមប្រភព CNN បានរាយការណ៍នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្កុតត៍ បេសសានថ៍ (Scott Bessant) បាននិយាយថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ឥឡូវនេះមានគោលបំណងឈានដល់កិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ទាក់ទងនឹងពន្ធបដិការ ក្នុងខែមេសា ដោយគាត់បានប្រាប់ CNN ថា គាត់រំពឹងថា នឹងធ្វើកិច្ចព្រមព្រៀងក្នុងតំបន់ជាច្រើន ។

លោកស្កុតត៍ បេសសានថ៍ បានប្រាប់ CNN ថា លោកប្រធានាធិបតី ត្រាំ បានប្រាប់ពួកគេថា ប្រសិនបើអ្នកមិនចរចាដោយស្មោះត្រង់ទេ អ្នកនឹងធ្លាក់ចុះដល់កម្រិតពន្ធដែលបានកំណត់ កាលពីថ្ងៃទី២ ខែមេសា។ លោកបាននិយាយបន្ថែមថា មានដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន 18 ដែលសហរដ្ឋអាមេរិក ផ្តល់អាទិភាពបំផុត ទាក់ទងនឹងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
នៅពេលត្រូវបានសួរថា តើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចំនួនប៉ុន្មាន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចប្រកាសនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ? លោកបេសសានថ៍ បាននិយាយថា “មានទំនាក់ទំនងពាណិជ្ជកម្មតូចៗជាច្រើន ដែលយើងអាចសរុបជាតួលេខបាន។ យើងនឹងធ្វើកិច្ចព្រមព្រៀងក្នុងតំបន់ជាច្រើន”។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក បានប្រកាសពន្ធបដិការ ជាមួយប្រទេសនានាទូទាំងពិភពលោក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដែលគាត់ហៅថា “ទិវារំដោះ” ដោយក្នុងនោះ ពន្ធបដិការដែលលោកត្រាំ បានកំណត់សម្រាប់ទំនិញនាំចូលពីកម្ពុជា គឺ៤៩% ដែលជាកម្រិតខ្ពស់ជាងគេ តែក្រោយមក គាត់បានព្យួរពន្ធនេះ រយៈពេល ៩០ថ្ងៃ ដោយកាត់បន្ថយពន្ធមកត្រឹមអត្រា ១០% ជាមូលដ្ឋាន និងទុកពេកឲ្យប្រទេសទាំងអស់ ចរចាជាមួយរដ្ឋបាលរបស់លោក៕