បាងកក (ថៃ) ៖ តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ថា គិតត្រឹមសប្តាហ៍ទី២០ នៃឆ្នាំ២០២៥ ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19) នៅតែបន្តកើនឡើង ដោយយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរាយការណ៍ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ ក្នុងសប្តាហ៍ទី២០ នៃឆ្នាំនេះ (ថ្ងៃទី១១-១៧ ខែឧសភា ឆ្នាំ២០២៥) មានអ្នកជំងឺថ្មី ចំនួន ៣៣ ០៣០ អ្នកជំងឺក្រៅ ៣១ ១១២នាក់ អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ចំនួន ១៩១៨នាក់ និងស្លាប់ ២នាក់។

ខេត្ត-ក្រុងដែលមានអ្នកជំងឺច្រើនជាងគេ គឺទីក្រុងបាងកក ៦២៩០នាក់ បន្ទាប់មកគឺខេត្តឈុនបុរី ២៥៧៣នាក់ រ៉ាក់យ៉ង ១៦៨០នាក់ នន្ទបុរី ១៤៨២នាក់ សាមុតប្រាកាន ១៤៤២នាក់។ ក្រុមអាយុខ្ពស់បំផុតនៃអ្នកជំងឺ គឺក្រុមអាយុពី ៣០-៣៩ឆ្នាំ មាន ៧១៤១នាក់, ក្រុមអាយុ ២០-២៩ឆ្នាំ មាន ៦៧៥១នាក់ និងក្រុមអាយុ ៦០ឆ្នាំ មាន ៥៥០៤ នាក់។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត ធីរា វរថាណារ័ត្ន មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ ជូឡាឡុងកន (Chulalongkorn University) បានបង្ហោះនៅលើ Facebook វិភាគស្ថានភាពការផ្ទុះឡើងនៃ COVID-19 ដោយបញ្ជាក់ថា ចំនួនអ្នកជំងឺ បានបន្តកើនឡើង ១១សប្តាហ៍ជាប់ៗគ្នា។ អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាំងអ្នកជំងឺក្នុង និងអ្នកជំងឺក្រៅ ៣១៦៨៨នាក់ ស្លាប់ចំនួន ២នាក់ (ខេត្តសុខោទ័យ និងកានចាន់បុរី) និស្សិតសាកលវិទ្យាល័យ និងមនុស្សវ័យធ្វើការ នៅតែនាំមុខគេ។ ចំណែកមនុស្សចាស់ កុមារ និងក្មេងជំទង់ មានសមាមាត្រស្មើគ្នាក្នុងក្រុមកុមារអាយុពី ០ដល់៤ឆ្នាំ ដែលជាកុមារតូចៗ ភាគច្រើនមានជំងឺ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកជំងឺពិតប្រាកដ អាចខ្ពស់ជាងនេះ។ លោកបញ្ជាក់ច្បាស់ថា “និន្នាការបន្តធ្លាក់ចុះ” មិនពិតទេ ។ ជាក់ស្តែងនៅសប្តាហ៍ទី១៩ ថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ របាយការណ៍ថាមាន ១៦ ៦៦២ករណី និងមានអ្នកស្លាប់ ៦នាក់។ ប៉ុន្តែរបាយការណ៍ចុងក្រោយ នៅព្រឹកថ្ងៃទី១៨ ខែឧសភា បង្ហាញថា ចំនួនបានកើនឡើងដល់ ៣០ ៩១៩នាក់ ដោយមានអ្នកស្លាប់ ៩នាក់ ។

លោកសាស្ត្រាចារ្យ បានបន្ថែមថា ប្រសិនបើសប្តាហ៍ទី២០ ស្រដៀងនឹងសប្តាហ៍ទី១៩ ចំនួនករណីនឹងកើនឡើងជិតទ្វេដង។ ដូច្នេះអ្នកគួរតែការពារខ្លួនអ្នកឲ្យបានល្អ ពាក់ម៉ាស់ និងចៀសវាងសកម្មភាពទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញានៃការក្អក កណ្តាស់ ហៀរសំបោរ ឈឺក្បាល ឬក្តៅខ្លួន។ បើអ្នកឈឺ គួរតែទទួលខុសត្រូវខ្លួនឯង និងសង្គម ពាក់ម៉ាស់ដើម្បីការពារការឆ្លងមេរោគ។ ញែកខ្លួនអ្នកពីអ្នកដទៃ កុំចែករំលែកអាហារ និងរបស់របរផ្ទាល់ខ្លួនជាមួយអ្នកដទៃ។

ប្រភពដដែល បន្តថា មានការប៉ាន់ស្មានថា ការផ្ទុះករណីឆ្លងរាលដាលកូវីដ-១៩ នេះ នឹងមានរយៈពេលយូរ ព្រោះនិន្នាការនៃការកើនឡើងនៃចំនួនឆ្លង បានបន្តជិតបីខែ មកហើយ៕