Wednesday, May 21, 2025
Homeព័ត៌មានអន្តរជាតិដូណាល់ ត្រាំ  ពិភាក្សាជាមួយពូទីន អះអាងរុស្ស៊ី-អ៊ុយក្រែន ត្រៀមចរចាបទឈប់បា.../ញ់

ដូណាល់ ត្រាំ  ពិភាក្សាជាមួយពូទីន អះអាងរុស្ស៊ី-អ៊ុយក្រែន ត្រៀមចរចាបទឈប់បា…/ញ់

សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយជាមួយលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) តាមទូរស័ព្ទ ជិត ២ម៉ោង អំពីសង្រ្គាមនៅអ៊ុយក្រែន។ មេដឹកនាំ​អាមេ រិក ​បាន​អះអាង​ថា ភាគី​ទាំង​ពីរ​នឹង​ចាប់​ផ្តើម​ការ​ចរចា​បទ​ឈប់​បាញ់​ភ្លាមៗ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អស់រយៈពេលជាងពីរម៉ោង នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ដើម្បីស្វែងរកមធ្យោបាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោកត្រាំ បាន​អះអាង​ថា រុស្ស៊ី និង​អ៊ុយក្រែន ​នឹង​ចាប់​ផ្តើម​ការ​ចរចា​បទ​ឈប់​បាញ់ ​ជា​បន្ទាន់។លោកត្រាំ បានបង្ហោះនៅលើបណ្តាញ Truth Social បន្ទាប់ពីការសន្ទនារបស់គាត់ជាមួយលោកពូទីន ថា «ការសន្ទនាតាមទូរស័ព្ទនេះ ដំណើរការល្អណាស់។ សំឡេងនិងអារម្មណ៍នៃការសន្ទនា គឺល្អណាស់»។

មេដឹកនាំ​អាមេរិក ​បញ្ជាក់​ថា រុស្ស៊ី-​អ៊ុយក្រែន ​នឹង​ចាប់​ផ្តើម​ការ​ចរចា​ភ្លាមៗ ​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​នាំ​ឲ្យ​សង្រ្គាម​នេះ​បញ្ចប់ ​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់ ​នឹង​ត្រូវ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ព្រោះ​គេ​ដឹង​ព័ត៌មាន​លម្អិតនៃការចរចាដែលគ្មាននរណាម្នាក់ដឹង។

លោកដូណាល់ ត្រាំ មិន​បាន​និយាយ​ថា ​តើ​បទ​ឈប់​បាញ់ ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ​នឹង​កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​បានបញ្ជាក់ថា ការ​ចរចា ​អាច​នឹង​ធ្វើ​ឡើង​នៅ​បុរី​វ៉ាទីកង់។

លោកត្រាំ ថ្លែងថា “បុរីវ៉ាទីកង់ ដែលដឹកនាំដោយសម្តេចប៉ាប ពួកគេបាននិយាយថា ពួកគេចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះការចរចាទាំងនេះ”។

ការ​លើក​ឡើង​របស់​លោកត្រាំ ខាងលើនេះ បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចេឌី វេនស៍ (J.D. Vance) បាន​ជួប​ជាមួយ​សម្តេចប៉ាប ឡេងូទី១៤ (Pope Leo XIV) នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ហើយ​បាន​ផ្តល់​លិខិត​មួយ​ច្បាប់ ​ពី​លោក ត្រាំ  អញ្ជើញ​សម្តេច​ប៉ាប ​ទៅ​ទស្សនកិច្ច​នៅ​សេតវិមាន។ ម៉្យាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា លោកប្រធានាធិបតី ពូទីន បានអត្ថាធិប្បាយលើការសន្ទនាតាមទូរស័ព្ទរបស់គាត់ ជាមួយលោកត្រាំ ដោយ​បញ្ជាក់​ថា ​វា​ជា​ការ​សន្ទនា​ដោយ​ត្រង់ ​ដោយ​យុត្តិធម៌ ហើយ​វា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​រឿង​នេះ។ លោក ពូទីន បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដែលគាំទ្រការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាព។

លោកពូទីន បានថ្លែងថា “ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ពួកគេ​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​រួច​ហើយ ​លើ​បទ​ឈប់​បាញ់។​ ចំពោះ​ខ្ញុំ ខ្ញុំ​សូម​បញ្ជាក់​ថា រុស្ស៊ី ​ក៏​មាន​ដែរ​ ចង់​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន ​ដោយ​សន្តិវិធី។ យើងគ្រាន់តែត្រូវការស្វែងរកវិធីល្អបំផុត ដើម្បីឆ្ពោះទៅរកសន្តិភាព” ៕

RELATED ARTICLES