ខេត្តឧត្តរមានជ័យ ៖ លោកខ្លូត យុត ចៅសង្កាត់បុស្បូវ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ទាំង ស្ថានភាពស្រវឹង រួចជ្រុលទៅបុកពីក្រោយគោយន្តកន្ត្រៃ ១គ្រឿង ពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ងារជើង ចំណែករថយន្តចៅសង្កាត់ បានជ្រុលធ្លាក់ចូលស្នាមភ្លោះ និងបណ្តាលឱ្យមនុស្ស ចំនួន៣នាក់ រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិអូរព្រាល សង្កាត់បុសស្បូវ ក្រុងសំរោង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ឧត្តរមានជ័យ 2B-4327 បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិស ដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកគោយន្តកន្ត្រៃ ១គ្រឿង ចំពីក្រោយ ពេញទំហឹង បណ្តាលឱ្យខ្ទាតប៉ើងក្រឡាប់ ចំណែករថយន្ត បានធ្លាក់ផ្លូវចូលស្នាមភ្លោះ និងបង្កឱ្យរងរបួសមនុស្ស ចំនួន៣នាក់ ហើយត្រូវបានអ្នកភូមិផ្អើលឆោឡោ ចេញមកមើល និងប្រញាប់ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច មកដឹកបញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យភ្លាមៗ។

លោកវរសេនីយ៍ត្រី នួន ពន្លឺ អធិការរង ទទួលបន្ទុកការងារចរាចរណ៍ បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចជំនាញ នៅមិនទាន់បានវាស់វែងរួចរាល់នៅឡើយ ចាំពេលវាស់វែងរួច នឹងផ្តល់ព័ត៌មានលម្អិត តាមក្រោយ។

លោកអធិការរង បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងគោយន្តកន្ត្រៃនេះ តាមការពិនិត្យជាក់ស្តែងរបស់ជំនាញនគរបាលចរាចរណ៍ មូលហេតុមកពីកត្តា ២យ៉ាង ទី១-អ្នកបើកបររថយន្ត មានស្ថានភាពស្រវឹង ទី២-គោយន្តកន្ត្រៃបើកបរដោយអត់មានដាក់ចំណាំងផ្លាតបំភ្លឺឱ្យបានបានត្រឹមត្រូវ ។ ករណីនេះសុទ្ធសឹងតែមាន ចំណែកខុសរៀងៗខ្លួន តែយ៉ាងណា ស្ថិតនៅលើការវាស់វែងលម្អិត។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចុះទៅដល់ធ្វើការបាញ់គំនូស រួចអូសយកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោង រង់ចាំដោះស្រាយបន្តតាមនីតិវិធី៕


